កាលពីមួយខែមុន ក្រុមហ៊ុន Maserati បានប្រកាសថាការប្រកាសចេញរថយន្ត Grecale ជាផ្លូវការ នឹងធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៉ីតាលី នាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។
ប៉ុន្តែគួរសោកស្ដាយ ដោយសារតែវិបត្តិឈីបសកល បានបង្ខំឲ្យក្រុមហ៊ុនអ៉ីតាលីមួយនេះត្រូវពន្យារពេលការប្រកាសចេញរថយន្ត SUV ថ្មីរហូតដល់និទារឃរដូវ (ចន្លោះខែមីនា ដល់ខែមិថុនា)ឆ្នាំ២០២២ជំនួសវិញ។
ការដែល Maserati មានបំណងចង់ប្រកាសចេញរថយន្តថ្មីនៅខែវិច្ឆិកាខាងមុខនេះ មានន័យថាការអភិវឌ្ឍន៍រថយន្ត Grecale បានចប់សព្វគ្រប់ហើយ ប៉ុន្តែដោយវិបត្តិខ្វះខាតឈីប ទើបធ្វើឲ្យ Maserati មិនទាន់អាចចាប់ផ្ដើមផលិតរថយន្តនេះបាននៅឡើយ។
គួរដឹងថា Grecale នឹងជារថយន្ត SUV ទីពីររបស់ Maserati ដែលនៅស្ថិតនៅក្រោមរថយន្ត Levante។ វានឹងប្រើប្រាស់គ្រោងឆ្អឹង Giorgio ដូចដែលមានប្រើលើរថយន្ត Alfa Romeo Stelvio ហើយរំពឹងថានឹងមានជម្រើសប្រើប្រេងសាំង, Hybrid និងជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធថែមទៀត៕