លោក Phan Nhat Vuong ដែលជាម្ចាស់សម្ព័ន្ធ Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនរថយន្តវៀតណាម Vinfast បានបង្ហាញមហិច្ឆតាដ៏ខ្ពស់មួយ គឺចង់យករថយន្ត Vinfast លក់លើទីផ្សារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០២១។
យោងតាមការចុះផ្សាយរបស់ Bloomberg មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លាររូបនេះ នឹងចំណាយលុយផ្ទាល់ខ្លួនជាង ២ ពាន់លានដុល្លារ ដើម្បីធ្វើឲ្យ Vinfast ជោគជ័យលើទឹកដីសហរដ្ឋអាមេរិក។
លោក Vuong បានលើកឡើងដូចនេះថា ៖ “គោលដៅធំរបស់យើងគឺបង្កើតម៉ាកសញ្ញាអន្តរជាតិមួយឡើង។ វាគឺជាដំណើរដ៏ពិបាក ហើយយើងនឹងត្រូវចំណាយកម្លាំងច្រើន។ ប៉ុន្តែមានផ្លូវតែមួយប៉ុណ្ណោះ។”
លោក Vuong បានយកអាមេរិកជាគោលដៅ ទាំងដែលក្រុមហ៊ុនមិនធ្លាប់មានទីតាំងនៅសហរដ្ឋអាមេរិកសោះ ហើយណាមួយក្រុមហ៊ុន Vinfast មិនរំពឹងថានឹងរកប្រាក់ចំណេញបាននោះឡើយក្នុងជំនួញរយៈពេល ៥ ឆ្នាំ។ គួរដឹងថា Vinfast កំពុងលក់រថយន្តក្នុងតម្លៃទាបជាងការចំណាយផលិត ហើយ Vingroup ត្រូវចំណាយប្រចាំឆ្នាំប្រមាណ ៧៧៧ លានដុល្លារ/មួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីប៉ះប៉ូវការខាតបង់សម្រាប់ Vinfast៕