សមាគមឡានធំជាងគេរបស់អាល្លឺម៉ង់ ប្រាប់សមាជិកឲ្យកាត់បន្ថយការបើកបរ ដើម្បីបន្ថយការពឹងផ្អែកប្រេងសាំងរុស្ស៊ី

[ទីផ្សារបរទេស] សមាគមរថយន្តអាល្លឺម៉ង់ Allgemeiner Deutscher Automobil-Club ហៅកាត់ថា ADAC បាន​ផ្ញើលិខិតបើកចំហរ​មួយ​ទៅ​កាន់​សមាជិក​របស់​ខ្លួន ដោយលើកទឹកចិត្តឲ្យសមាជិកកាត់បន្ថយការបើកបរ ឬកុំបើកបរតែម្ដងប្រសិនបើមិនចាំបាច់។

គោលបំណងនៃលិខិតនេះគឺដលម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីប្រទេសរុស្ស៊ី ខណៈដែលការឈ្លានពាន​របស់រុស្ស៊ីចូលក្នុងទឹកដីប្រទេសអ៊ុយក្រែនបានចូលដល់ខែទីបីហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លិខិតបើកចំហរនេះបានចេញផ្សាយក្នុងថ្ងៃតែមួយដែលក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានប្រកាសថានឹងបញ្ឈប់ការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈទៅកាន់ប្រទេសប៊ុលហ្គារី និងប្រទេសប៉ូឡូញ ដោយប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយប្រការនេះបានធ្វើឲ្យអាល្លឺម៉ង់មានការព្រួយបារម្ភផងដែរ ព្រោះប្រទេសនេះពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីប្រទេសរុស្ស៊ី។

តាមនោះដែរ សមាគម ADAC បានលើកទឹកចិត្តដល់សមាជិកក្នុងប្រទេសអាល្លឺម៉ង់ ឲ្យជួយបន្ថយល្បឿនពេលបើកបរ បន្ថយការបើកបរ និងកុំបើកបរតែម្ដងប្រសិនបើមិនមានការចាំបាច់ទេនោះ​។ សមាគមបាន​អំពាវនាវឲ្យមានការប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈ ហើយ​មាន​ផ្លូវ​ខ្លះទៀតអាចធ្វើដំណើរដោយថ្មើជើង ឬជិះកង់បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម