សហភាពអឺរ៉ុប កំពុងពិចារណាដាក់ពន្ធរហូតដល់ទៅ ២០% លើរថយន្តអគ្គិសនីសុទ្ធ (EV) របស់ប្រទេសចិន

[បរទេស] សហភាពអឺរ៉ុប (EU) កំពុងពិចារណាដាក់ពន្ធរហូតដល់ទៅ ២០% លើរថយន្តអគ្គិសនីសុទ្ធ EV របស់ប្រទេសចិន ដែលអាចធ្វើឲ្យប្រទេសចិនខាតបង់ពាណិជ្ជកម្មចំនួន ៤ពាន់លានដុល្លារ និងបង្ខំឲ្យក្រុមហ៊ុនចិនផលិតរថយន្ត EV បន្ថែមទៀតនៅអឺរ៉ុប។

ក្នុងនោះ អ្នកស្រាវជ្រាវផ្នែកពាណិជ្ជកម្មរបស់វិទ្យាស្ថាន Kiel លោក Julian Hinz បាននិយាយ ការធ្វើបែបនេះទំនងជានឹងធ្វើឲ្យតម្លៃរថយន្តអគ្គិសនីកើនឡើងខ្ពស់ ពីព្រោះការផលិតនៅក្នុងសហភាពអឺរ៉ុបមានតម្លៃថ្លៃជាងនៅប្រទេសចិនខ្លាំង ដោយសារតម្លៃវត្ថុធាតុដើមមានតម្លៃខ្ពស់ ហើយលើសពីនេះទៅទៀត តម្លៃពលកម្មកាន់តែខ្ពស់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ប្រទេសចិនបានព្រមានថា ខ្លួននឹងដាក់ពន្ធរហូតដល់ ២៥% លើរថយន្តដែលមានម៉ាស៊ីនធំរបស់អឺរ៉ុបដែលជាការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបជាច្រើន រួមទាំង Mercedes-Benz និង BMW ផងដែរ។

គួរបញ្ជាក់ផងដែរថា BYD អាចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ដ៏ធំបំផុតរបស់ចិនមួយនៅអឺរ៉ុប ដោយកំពុងធ្វើសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទ្វីបអឺរ៉ុប ដែលមានទីតាំងនៅប្រទេសហុងគ្រី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម