ក្នុងរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់រថយន្តមួយចំនួន បានផ្អាកជិះ និងគ្របទុករថយន្តខ្លួនចោល ដោយប្តូរមកជិះម៉ូតូ ឬមធ្យោបាយផ្សេងដែលកាត់បន្ថយការចំណាយ ក្នុងពេលប្រេងសាំងកំពុងឡើងថ្លៃ។ ប៉ុន្តែតើបងប្អូនដឹងទេ ប្រសិនបើទុករថយន្តចោលក្នុងរយៈពេល ជាពិសេស ចាប់ពីកន្លះខែឡើងទៅ អាចបណ្តាលឲ្យផ្នែកខ្លះនៃរថយន្តនឹងខូចជាមិនខាន ដោយសារវាមិនបានដំណើរការអ្វីទាល់តែសោះ រួមមានដូចជា៖

១. អាគុយ៖ គឺជាចំណុចដែលគេគិតមុនគេ ដោយវាត្រូវការទទួលការសាកពីឌីណាម៉ូ ដូច្នេះបើម៉ាស៊ីនរថយន្តមិនដំណើរការទេនោះ ថាមពលអាគុយនឹងចាប់ផ្តើមអស់បន្តិចម្តងៗ។
២. កង់ធូរ៖ រថយន្តទុកចោលយូរ ក៏អាចធ្វើឲ្យសម្ពាធខ្យល់កង់ថយចុះ ដោយសារការទ្រទម្ងន់របស់រថយន្តគ្រប់ពេល។
៣. ប្រេងម៉ាស៊ីន ចាប់ផ្តើមបាត់បង់ភាពរំអិល ព្រោះម៉ាស៊ីនទុកចោលយូរមិនឲ្យវាបានធ្វើការ។

៤. ហ្វឺត រិញ និងរ៉ងផ្សេងៗក្នុងម៉ាស៊ីន ស្ងួតងាប់ ដោយសារគ្មានប្រេងមកជួយរំអិល ហើយបណ្តាលឲ្យមានលេចជ្រាបប្រេង។
៥. ប្រេងហ្វ្រាំង ក៏ចាប់ផ្តើមអស់គុណភាពដែរ ឯស្បែកហ្វ្រាំងច្រែសស្អិត ហើយចាប់ផ្តើមមានលាន់សំឡេង ពេលជាន់ហ្វ្រាំងម្តងៗ។
៦. សាំងធ្លាក់ចុះគុណភាព ប៉ះពាល់ការដុតបញ្ឆេះក្នុងម៉ាស៊ីន និងមានកករ កម្ទេចកម្ទី បណ្តាលឲ្យស្ទះតម្រងសាំង បូមសាំង និងប៊ិចសាំង ហើយធុងសាំងអាចនឹងពុកផុយ។
៧. រថយន្តអាចក្លាយជាជម្រកសត្វកណ្តុរ ដែលវានឹងកកេរកាត់ខ្សែភ្លើង ហើយទឹកនោម និងលាមករបស់វា នឹងបង្កឲ្យមានក្លិនអាសោចជាមិនខាន។
អ៊ីចឹង ជាដំណោះស្រាយល្អបំផុត គឺគួរឧស្សាហ៍បញ្ឆេះរថយន្ត ឬបើកចេញក្រៅឲ្យបានម្តង ក្នុង១សប្តាហ៍៕


















