ស្ងាត់ៗ វៀតណាមបញ្ចេញឡានអគ្គិសនីថ្មី ៣ម៉ូដែល

ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបង្ហាញចេញរថយន្តអគ្គិសនីថ្មីចំនួនបីម៉ូដែល និងបានប្រកាសអំពីផែនការចង់ក្លាយខ្លួនទៅជាក្រុមហ៊ុនរថយន្តលំដាប់សកលលោកផងដែរ។

ចាប់ផ្ដើមដំបូងជាមួយរថយន្ត VF31 ត្បិតថាមានរូបរាងមិនសូវស្អាត ប៉ុន្តែវាមានប្រើប្រាស់រចនាបថរូបរាងដ៏ប្លែក ដែលចេញលក់នៅទីផ្សារក្នុងស្រុកក្នុងខែវិច្ឆិកាខាងមុខ។ រថយន្តនេះមានប្រវែង ៤៣០០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៦១១ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងមានបំពាក់នូវកៅអីកំដៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានតម្រងខ្យល់ HEPA, អេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ និងមានជំនួយការបើកបរដែលមានមុខងារដូចជា Lane Departure Warning, Blind Spot Warning, Rear Cross-Traffic Alert និងកាមេរ៉ាដែលអាចមើលឃើញជុំវិញ។

ចំពោះសមត្ថភាពវិញ ​វាមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលអាចបង្កើតកម្លាំងបាន ១១៤សេះ។ វាក៏មានជម្រើសមួយទៀតឈ្មោះថា Premium ដែលអាចបង្កើតកម្លាំងបាន ២០១សេះ។ រថយន្តទាំងពីរប្រភេទប្រើប្រាស់អាគុយចំណុះ ៤២គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយដល់ ៣០០គីឡូម៉ែត្រ។

VF32

រថយន្ត VF32 នឹងចេញលក់នៅទីផ្សារក្នុងស្រុកនាខែកុម្ភៈ ឆ្នាំ​២០២២​ ហើយអាចនឹងមានវត្តមានលើទីផ្សារអឺរ៉ុប អាមេរិក និងកាណាដា និងខែមិថុនា ឆ្នាំ ២០២២។ ក្រុមហ៊ុនមិនបាននិយាយអ្វីច្រើនអំពីរថយន្តនេះទេ ប៉ុន្តែតាមរូបភាពគេឃើញមានការរចនាបថដោយក្រូម៉េ មានអំពូលភ្លើង LED រាងស្ដើង ហើយវាមានប្រវែងសរុប ៤៧៥០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៥០ម.ម។

រថយន្តនេះនឹងមានបំពាក់ម៉ូទ័រអគ្គិសនីមួយដែលបង្កើតកម្លាំបាន ២០១សេះ ហើយសម្រាប់ប្រភេទ Premium អាចផលិតកម្លាំងបាន ៤០២សេះ​ តាមរយៈម៉ូទ័រអគ្គិសនីភ្លោះ។ រថយន្តទាំងពីរប្រភេទនឹងមានអាគុយចំណុះ ៩០គីឡូវ៉ាត់ម៉ោង ប៉ុន្តែមិនមានព័ត៌មានថាជិះបានចម្ងាយឆ្ងាយប៉ុណ្ណានោះទេ។

VF33

រថយន្ត VF33 នឹងចេញលក់ពេលដំណាលគ្នាជាមួយនឹងរថយន្ត VF32 ដែលវាមានបំពាក់នូវអំពូលភ្លើង LED រាងស្ដើង, មានដំបូលកញ្ចក់, មានអេក្រង់កម្សាន្តទំហំ ១៥,៤អ៊ីញ, មានប្រវែង ៥១២០ម.ម និងមានប្រវែងកង់មុខទៅកង់ក្រោយ ៣១៥០ម.ម ផងដែរ។

រថយន្ត VF33 នេះនឹងប្រើម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៤០២សេះ ហើយវាមានអាគុយចំណុះ ១០៦គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយដល់ទៅ ៥៥០គីឡូម៉ែត្រ ពេលសាកភ្លើងម្ដងៗ។​ រថយន្តនេះជាមួយនឹង VF32 ក៏មានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 2 និង Level 3 ផងដែរ ហើយចំពោះប្រភេទ Full Option លើរថយន្តទាំងបីម៉ូដែល​ (VF31, VF32 និង VF33) និងមានប្រព័ន្ធបើកបរ Level 4។

យ៉ាងណាក្ដី ក្រុមហ៊ុន VinFast នៅមិនទាន់ប្រាប់អំពីតម្លៃលក់របស់រថយន្តទាំងបីនៅឡើយទេ ដែលអាចនឹងដឹងក្នុងពេលប៉ុន្មានខែខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម