បណ្តាស្ថានីយតេលាខ្មែរជាច្រើនទីតាំង ត្រូវបានស្នើសុំអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដោយត្រូវបានមន្រ្តីជំនាញរបស់អាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយមន្រ្តីជំនាញរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនី ចុះពិនិត្យទីតាំងរួចមកហើយ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥។

តេលាខ្មែរ ដែលគ្រោងដាក់ស្ថានីយបញ្ចូលថាមពល EV នេះ រួមមាននៅទួលគោក ទួលសង្កែ ផ្សារតូច ស្តាតចាស់ ភ្នំពេញថ្មី ចំការមន ម៉ៅសេទុង ទួលទំពូង ទួលស្វាយព្រៃ ដង្កោ សាមគ្គី២៧១ Northbridge តាខ្មៅ និង ឯករាជ្យ២។

នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តប្រភេទនេះ។ នេះបើតាមការបញ្ជាក់របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ។
គួរដឹងថា រាល់ការធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពលដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់
-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត
-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ
-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ
-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕




















