រថយន្ត Lexus ES ស៊េរីថ្មីឆ្នាំ ២០១៩ បានបង្ហាញតម្លៃខ្លួនជាផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ី ដោយចែកចេញជា ២ ប្រភេទ គឺ ES 250 Premium លក់ក្នុងតម្លៃ ៧២ ៤០០ ដុល្លារ និង ES 250 Luxury លក់ក្នុងតម្លៃ ៨០ ៣០០ ដុល្លារ ។
រថយន្ត Lexus ES ថ្មី ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០៤ សេះ ហើយប្រើប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធប៉ុងមុខ ។ វាបំពាក់មុខងារ Apple CarPlay និង Amazon Alexa រួមទាំង ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Lane Tracing Assist (LTA), Lane Departure Alert (LDA), Pre-Collision System (PCS) និង Dynamic Radar Cruise Control (DRCC) with Stop and Go Function ៕
រថយន្តប្រភេទ Sedan ខ្នាតកណ្តាលនេះ ឈរលើគ្រោងឆ្អឹងថ្មីរបស់ Toyota ហៅថា Toyota’s New Global Architecture-K ធ្វើឲ្យរថយន្តមានទម្ងន់ស្រាល តែរឹងមាំជាងមុន ។ មិនតែប៉ុណ្ណោះ វាមានរូបរាងកាត់តាមម៉ូដែល LS និង LC ដែលរចនាឡើងយ៉ាងទាក់ទាញ ។ បើប្រៀបធៀបជាមួយម៉ូដែលមុនៗ វាមានរូបរាងធំជាងមុន ប៉ុន្តែមើលទៅទាក់ភ្នែកដោយសារតែមានដំបូលទាប ហាក់បីដូចជាប្រភេទ Coupe អីចឹង ។
ដោយឡែក ផ្នែកខាងក្នុងរបស់ ES វិញ មានភាពស្រដៀងនឹងសិស្សច្បង ម៉ូដែល LS ដោយបំពាក់អេក្រង់ព័ត៌មានទំហំ ១២,៣ អ៊ីញ , ដំបូលកញ្ចក់ Panoramic , កៅអីស្បែកចុចទាំងមុខ-ក្រោយ , កុងទ័របាញ់លើកញ្ចក់ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ ជាដើម ៕