
ជាធម្មតា នៅពេលនិយាយដល់ឡានអគ្គិសនី មនុស្សភាគច្រើនតែងតែគិតដល់ភាពសន្សំសំចៃថ្លៃប្រេង និងថ្លៃថែទាំ ប៉ុន្តែបើក្រឡេកទៅមើលតម្លៃពេលទិញវាវិញ យើងឃើញថាឡានអគ្គិសនីជាច្រើនម៉ូឌែល មានតម្លៃខ្ពស់ជាងឡានសាំង តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យឡានអគ្គិសនីមានតម្លៃថ្លៃ?
១) តម្លៃថ្ម ឬអាគុយ មានតម្លៃខ្ពស់
ជាទូទៅ ថ្ម ឬអាគុយ គឺជាផ្នែកសំខាន់បំផុត និងថ្លៃបំផុតរបស់ឡានអគ្គិសនី ដែលក្នុងនោះ គឺអាចមានតម្លៃរហូតដល់ ៣០–៤០% នៃតម្លៃរថយន្តទាំងមូល។ តួយ៉ាងដូចជាការផលិតជាដើម គឺតម្រូវឲប្រើប្រាស់នូវសារធាតុពិសេសៗ និងមានតម្លៃថ្លៃច្រើន ដូចជាសារធាតុលីថ្យូម, នីកែល និងកូបាល់ ដែលសារធាតុទាំងនេះ គឺសិតសឹងតែជាសារធាតុមានតម្លៃខ្ពស់ ពិបាករក និងមានតម្លៃប្រែប្រួលជាប្រចាំទៅតាមទីផ្សារពិភពលោក។ ដូច្នេះ ការចំណាយលើថ្ម គឺជាមូលហេតុធំបំផុតដែលធ្វើឲ្យតម្លៃឡានអគ្គិសនីខ្ពស់។
២) ការចំណាយលើការស្រាវជ្រាវ និងបច្ចេកវិទ្យា
មិនថាឡានប្រើម៉ាស៊ីន ឬឡានអគ្គិសនីនោះទេ ការចាប់ផ្តើមផលិតគឺត្រូវការការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើន។ ជាក់ស្តែង គឺរួមមានការស្រាវជ្រាវ ការអភិវឌ្ឍម៉ូទ័រអគ្គិសនី, អាគុយ, ការបង្កើត Software និងប្រព័ន្ធគ្រប់គ្រងថ្ម ការប្រើប្រាស់នូវសេនស័រ និងអេក្រង់ទំនើបៗជាច្រើន។ ដែលទាំងនេះ គឺត្រូវបានគិតបញ្ចូលទៅក្នុងតម្លៃឡានដែលដាក់លក់នៅលើទីផ្សារ។
៣) សង្វាក់ផលិតកម្ម និងការនាំចូល
ដោយសារតែរថយន្តប្រើម៉ាសីនសាំង ឬម៉ាស៊ូតត្រូវបានផលិតមកជាង ១០០ ឆ្នាំហើយ ចំណែក EV វិញ ទើបតែពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ដូចនេះ ការផលិតគឺស្ថិតនៅក្នុងចំនួនកំណត់ អញ្ចឹងតម្លៃគឺស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ ហើយបើត្រូវនាំចូលទៀត ក៏កាន់តែមានតម្លៃកាន់តែខ្ពស់ផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជាបើទោះបីជារដ្ឋាភិបាលបានជួយបន្ថយពន្ធនាំចូលក៏ដោយ ក៏ម៉ូដែលរថយន្តអគ្គិសនីមួយចំនួននៅមានតម្លៃខ្ពស់ផងដែរ។

៤) ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើប
ភាគច្រើនឡានអគ្គិសនីតែងតែបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ និងវៃឆ្លាត ដែលសមាសធាតុទាំងនេះសុទ្ធតែមានតម្លៃថ្លៃក្នុងការផលិត។
គួរបញ្ជាក់ថា បើទោះបីជាតម្លៃរថយន្តអគ្គិសនីនៅក្នុងពេលបច្ចុប្បន្នមានតម្លៃថ្លៃក៏ដោយ ក៏ប៉ុន្តែវាក៏ផ្តល់នូវផលចំណេញមកវិញជាច្រើនផងដែរ ដូចជាសន្សំសំចៃទៅលើការប្រើប្រាស់ប្រចាំថ្ងៃ ឬការថែទាំជាដើម៕


























