
បើនិយាយពីការទិញរថយន្តនាពេលសព្វថ្ងៃ មិនថាការទិញរថយន្តរបស់ប្រទេសចិន ប្រទេសអាមេរិក ប្រទេសជប៉ុន ឬប្រទេសអាល្លឺម៉ងនោះឡើយ អ្នកគឺសុទ្ធតែអាចទិញបានទាំងអស់ ក៏ប៉ុន្តែបើនិយាយពីការទិញរថយន្ត Ferrari វិញ មិនមែនមានលុយហើយ គឺអាចទិញបាននោះទេ ព្រោះក្រុមហ៊ុនក៏មានលក្ខខណ្ឌដ៏តឹងរ៉ឹងបំផុតក្នុងការជ្រើសរើសអតិថិជនរបស់ខ្លួនផងដែរ។

ជាក់ស្តែង ដូចជាបុគ្គលិករបស់ក្រុមហ៊ុន Ferrari ផ្ទាល់ជាដើម គឺមិនអាចទិញរថយន្តសេរ៊ីថ្មីៗពីក្រុមហ៊ុនឡើយ។ មូលហេតុ គឺដើម្បីទុកអាទិភាពជូនអតិថិជននៅទូទាំងពិភពលោកដែលកំពុងរង់ចាំការកុម្ម៉ង់ ព្រោះចំនួនផលិតគឺមានកំណត់។ ហើយដើម្បីមានសិទ្ធិទិញម៉ូឌែលពិសេសៗដូចជា LaFerrari អ្នកទិញក៏ត្រូវតែជាម្ចាស់រថយន្ត Ferrari ជាច្រើនគ្រឿងរួចមកហើយ និងមានប្រវត្តិប្រើប្រាស់ល្អជាមួយក្រុមហ៊ុនផងដែរ។ ហេតុដូចនេះ ប្រសិនបើមិនគោរពច្បាប់ទាំងនេះ គឺមិនអាចរថយន្ត Ferrari បាននោះឡើយ។
យ៉ាងណាមិញ ក្រៅពីច្បាប់ដ៏តឹងរ៉ឹងទាំងនេះ គេក៏ឃើញនូវបញ្ជីឈ្មោះរបស់មហាសេដ្ឋី ឬតារាល្បីៗមួយចំនួនដែលត្រូវបានក្រុមហ៊ុន Ferrari បញ្ចូលទៅក្នុងបញ្ជីខ្មៅដែលមិនអនុញ្ញាតឲទិញនូវរថយន្តស៊េរីថ្មីៗ ឬស៊េរីពិសេសៗរបស់ខ្លួនបានផងដែរ។ ជាពិសេស គឺឈ្មោះរបស់តារាចម្រៀងប៉ុប Justin Bieber និងកំពូលកីឡាករប្រដាល់ Floyd Mayweather ។

សម្រាប់ Justin Bieber មូលហេតុដែលក្រុមហ៊ុន Ferrari មិនលក់រថយន្តឲនោះ គឺដោយសារការកែច្នៃឡានបំពានច្បាប់កែប្រែរថយន្តរបស់ក្រុមហ៊ុន។ ជាក់ស្តែង លោក Justin Bieber ផ្ទាល់ គឺបានកែច្នៃរថយន្ត Ferrari 458 Italia F1 Edition ឆ្នាំ២០១១ របស់លោកទៅជារថយន្តថ្មីដែលខុសដាច់ពីរថយន្តដើមតែម្តង។ ដើមឡើយរថយន្តនេះគឺមានពណ៌សនោះទេ ប៉ុន្តែគាត់បានយកវាទៅប្តូរជាពណ៌ខៀវ, ដាក់ Body Kit, លេងកង់ ធ្វើឱ្យឡានមើលទៅធំ និងទាបជាងមុនជាដើម។ ជាពិសេស គឺការប្តូរពណ៌រូបសញ្ញារូបសេះ Ferrari ទៅជាពណ៌ខៀវ ដែលខុសពីច្បាប់ក្រុមហ៊ុន។ ដែលសកម្មភាពនេះ គឺធ្វើឲក្រុមហ៊ុន Ferrari មិនសប្បាយចិត្តជាខ្លាំង ព្រោះមិនផ្តល់តម្លៃដល់ម៉ាកយីហោគេ។
លើសពីនេះ គាត់ថែមទាំងបានយករថយន្តនោះទៅលក់ដេញថ្លៃដោយមិនបានសុំការអនុញ្ញាតពីក្រុមហ៊ុនទៀតផង ដែលតាមច្បាប់ ម្ចាស់រថយន្តគឺមិនត្រូវលក់រថយន្តរបស់ខ្លួនបន្តក្នុងរយៈពេលខ្លីដោយមិនសួរនាំក្រុមហ៊ុនមុននោះឡើយ។

ងាកទៅ Floyd វិញ មូលហេតុដែល Ferrari មិនលក់រថយន្តឲគាត់ ក៏មានមូលហេតុស្រដៀងនឹង Justin Bieber ផងដែរ។ គឺគាត់បានរំលោភទៅលើគោលការណ៍របស់ក្រុមហ៊ុន។ ជាក់ស្តែង Floyd គឺត្រូវបានគេរាយការណ៍ថា គាត់ទិញរថយន្តមកគ្រាន់តែដើម្បីថតបង្ហោះលើបណ្តាញសង្គមប៉ុណ្ណោះ។ យោងតាមការរាយការណ៍នៅក្នុងឆ្នាំ២០១៥ Floyd បានទិញរថយន្ត Ferrari Enzo មួយគ្រឿង ហើយដាក់លក់វាវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដែលសម្មភាពទាំងនេះ គឺខុសនឹងគោលការណ៍របស់ក្រុមហ៊ុន។ ដោយក្រុមហ៊ុន Ferrari ផ្ទាល់ គឺតម្រូវឱ្យម្ចាស់រថយន្តស៊េរីថ្មីៗ ឬស៊េរីពិសេសៗ ត្រូវរក្សាទុករថយន្តរបស់ខ្លួនយ៉ាងហោចណាស់រយៈពេល ១ ឆ្នាំ មុននឹងមានសិទ្ធិលក់បន្ត។ ព្រោះដើម្បីការពារកុំឱ្យមានការទិញយកទៅលក់យកចំណេញភ្លាមៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សារ និងភាពផ្តាច់មុខរបស់ម៉ាកយីហោ។
ដូចនេះ បើទោះបីជា Floyd Mayweather ជាមហាសេដ្ឋីដែលមានលុយរាប់រយលានដុល្លារក៏ដោយ លោកគឺមិនអាចកុម្ម៉ង់ទិញរថយន្ត Ferrari ស៊េរីថ្មីៗ ឬស៊េរី Limited Edition ដោយផ្ទាល់ពីក្រុមហ៊ុនបានទៀតឡើយ។ ដោយលោកគឺអាចទិញរថយន្ត Ferrari បានតែតាមរយៈទីផ្សារជជុះ ឬពីម្ចាស់ផ្សេងទៀតប៉ុណ្ណោះ ប៉ុន្តែគ្មានសិទ្ធិជាអតិថិជនអាទិភាពរបស់ក្រុមហ៊ុន Ferrari ទៀតនោះទេ។

សរុបមក សម្រាប់ Ferrari លុយមិនមែនជាស្ដេចឡើយ ប៉ុន្តែការគោរពគ្នាទៅវិញទៅមក ទើបជាតម្លៃពិតប្រាកដ៕















