ហេតុអ្វី ប្រទេសផលិតប្រេងនៅអារ៉ាប់ ដោយរួមមានទាំងអ៊ីរ៉ង់ផង បែរជាជំរុញការប្រើរថយន្តអគ្គិសនីទៅវិញ?

ប្រសិនបើអ្នកគិតថា ប្រទេសផលិត និងនាំចេញប្រេង ជាពិសេសនៅពិភពអារ៉ាប់ កំពុងបារម្ភពីការកើនឡើងរថយន្តអគ្គិសនី ដែលនឹងធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់ពួកគេនោះ គឺគិតខុសទាំងស្រុងហើយ ពោលគឺផ្ទុយមកវិញ ប្រទេសទាំងនោះ ដោយរួមមានទាំងអ៊ីរ៉ង់ផងដែរដែលប្រទេសមានតម្លៃប្រេងថោកជាងបំផុត ក៏កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។

ការពិតទៅ បណ្តាប្រទេសអារ៉ាប់ទាំងនេះ ក៏បានត្រៀមសម្រាប់សន្តិសុខថាមពលនាពេលអនាគតរួចជាស្រេច។ ពួកគេបានទទួលស្គាល់ថា ពិភពលោក កំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការបញ្ចេញផ្សែង។ ដូច្នេះ ប្រទេសផលិតប្រេងទាំងនោះ កំពុងប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេងនាពេលបច្ចុប្បន្ន ដើម្បីយកទៅវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដោយរួមមានទាំងលើវិស័យយានយន្តអគ្គិសនី ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើចំណូលប្រេងជាបណ្តើរៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជំរុញរថយន្តអគ្គិសនីក្នុងប្រទេសពួកគេ ក៏បានកាត់បន្ថយតម្រូវការប្រើប្រាស់ប្រេងក្នុងស្រុក ដែលទុកលទ្ធភាពក្នុងការនាំចេញប្រេងកាន់តែច្រើន ទៅកាន់ទីផ្សារអន្តរជាតិ។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺកាលពីខែមករា ឆ្នាំ២០២៦កន្លងទៅ ក្រុមហ៊ុន ADNOC Distribution បានដាក់ឲ្យប្រើប្រាស់ស្ថានីយសាករថយន្តអគ្គិសនីល្បឿនលឿន Superfast Charge ដ៏ធំបំផុតទី៦ ក្នុងពិភពលោក ស្ថិតនៅតាមបណ្តោយផ្លូវហាយវេភ្ជាប់គ្នារវាង អាប៊ូដាប៊ី និង ឌូបៃ។ រយៈពេលនៃការសាកអាគុយម្តងៗ ពី ០ ទៅ ៨០% ត្រឹមតែ ២០នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ អ៊ីរ៉ង់ ក៏ត្រៀមសម្រេចបាននូវការបង្កើតស្ថានីយបញ្ចូលថាមពល EV ឲ្យបានដល់ ៣ពាន់ទីតាំងនៅទូទាំងប្រទេសផងដែរ។ ក្នុងនោះ ស្ថានីយជាច្រើនត្រូវដាក់ដំណើរការនៅក្នុងទីក្រុងតេរ៉ង់រួចមកហើយ។ អ៊ីរ៉ង គ្រោងដាក់ឲ្យមានរថយន្តអគ្គិសនី ប្រមាណ ១ម៉ឺនគ្រឿង ក្នុងសេវាដឹកជញ្ជូនសាធារណៈ ក្នុងអំឡុងឆ្នាំ ២០២៥-២០២៦នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម