[ទីផ្សារបរទេស] រថយន្ត Mercedes-Benz EQS ស៊េរីឆ្នាំ២០២៣ នឹងប្រកាសចេញក្នុងទីផ្សារប្រទេសវៀតណាម នៅត្រឹមចុងខែតុលានេះ នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Vietnam Motor Show ឆ្នាំ២០២២។
រថយន្ត EQS ដែលនឹងចែកចាយលក់នៅប្រទេសវៀតណាម គឺមានចែកចេញជាពីរប្រភេទគឺប្រភេទ EQS 450 និង EQS 580 ដែលមានតម្លៃប្រមាណ ២៣ម៉ឺនដុល្លារ និងប្រមាណ ២៧ម៉ឺនដុល្លារ។ មកទល់ពេលនេះមានឈ្មួញលក់មួយចំនួនចាប់ផ្ដើមទទួលកុម្ម៉ង់ទិញរថយន្តអគ្គិសនីប្រណីតនេះ ដោយអតិថិជនអាចនឹងទទួលបានរថយន្តនៅអំឡុងត្រីមាសទីមួយ និងទីពីរនៃឆ្នាំ២០២៣។
បច្ចុប្បន្ននេះដែរ Mercedes-Benz Vietnam បានត្រឹមប្រកាសពីការដំឡើងប្រព័ន្ធសាកភ្លើងតាមផ្ទះសម្រាប់អតិថិជន ដោយមិនទាន់មានដំណឹងជុំវិញការបង្កើតស្ថានីយសាកភ្លើងនៅតាមតំបន់សាធារណៈនៅឡើយទេ។
ប្រភពមួយចំនួនបាននិយាយថា រថយន្ត EQS ដែលលក់នៅវៀតណាមនឹងមានបំពាក់អាគុយចំណុះ ១០៧,៨kWh ដែលអាចបើកបរបានចម្ងាយដល់ ៧៧០គីឡូម៉ែត្រ ពេលសាកពេញម្ដង។ ដោយឡែក EQS នេះនឹងមានជម្រើសកម្លាំងចំនួនពីរប្រភេទ ទីមួយគឺប្រភេទប្រើម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ៣៣៣សេះ និងមួយទៀតគឺប្រភេទម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបានសរុប ៥២៣សេះ៕