រថយន្ត Arus Senat ដែលជារថយន្តប្រណីតរបស់រុស្ស៊ី ជាគូប្រជែងរបស់រថយន្ត Rolls-Royce បានចាប់ផ្ដើមការផលិតជាផ្លូវការនៅរោងចក្រនៅក្នុងទីក្រុង Yelabuga ប្រទេសរុស្ស៊ី។
រថយន្តនេះបានបង្ហាញវត្តមានជាផ្លូវការនៅអឺរ៉ុបកាលពីឆ្នាំ២០១៩ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ហើយបានកំណត់ថាត្រូវចូលរោងចក្រផលិតនៅក្នុងឆ្នាំ២០២០ ប៉ុន្តែបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។
រថយន្ត Aurus Senat នឹងមានផលិតចន្លោះពី ២០០ ទៅ ៣០០គ្រឿង សម្រាប់ឆ្នាំ២០២១នេះ ដោយមានតម្លៃលក់ចាប់ផ្ដើមពីប្រមាណ ២៤៥ ០០០ដុល្លារឯណោះ។
គួរដឹងថារថយន្ត Senat នេះមានចែកចេញជាពីរប្រភេទផ្សេងគ្នា ដោយទីមួយគឺប្រភេទ L700 មានទំហំធំផលិតឡើងសម្រាប់មន្ត្រីរាជការជាពិសេស ហើយមួយទៀតគឺ Senat S600 ជាប្រភេទសម្រាប់ដាក់លក់ជូនប្រជាពលរដ្ឋទូទៅ។
រថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ជាម៉ាស៊ីនដែលសហការជាមួយ Porsche ដែលវាអាចផលិតកម្លាំងបាន ៥៩០សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងអស់៕