ឡានពិតៗ ! HiPhi A ប្រភេទ Supercar អគ្គិសនីសុទ្ធ កម្លាំងខ្លាំងជាង ១ពាន់សេះ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត HiPhiបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត HiPhi A ប្រភេទ Supercar ប្រើអគ្គិសនីសុទ្ធដែលជាម៉ូដែលទី ៤ ក្នុងផលិតសហការជាមួយក្រុមហ៊ុន Human Horizons ដែលពោរពេញទៅបច្ចេកវិទ្យាដ៏ច្នៃប្រឌិត គ្រោងនឹងចេញលក់ក្នុងឆ្នាំ ២០២៥ នៅប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា 800V platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១៣០៥ សេះ និងកម្លាំងរមួល ១៣៨០០ ញ៉ូតុនម៉ែត្រ អាចរតស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ២ វិនាទី និងមាន top-speed ៣០០ គីឡូម៉ែត្រ/ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត HiPhi A មានប្រវែងតួខ្លួនសរុប ៥ ០០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១៤៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១០០ ម.ម និងត្រូវបានឌីស្សាញឡើងបែបអនាគត ជាមួយនឹងកាបូនហ្វាយប៊ឺ ដោយមានបំពាក់ចង្កៀងមុខ-ក្រោយរចនាយ៉ាងទាក់ទាញ ព្រមទាំងអំពូលនៅផ្នែកចំហៀងចំនួនដល់ ១៣១៤ គ្រាប់ ទ្វាប្រភេទ suicide doors ដូចរថយន្ត Rolls-Royce និងថាសកង់ធ្វើពីអាលុយមីញ៉ូមជាមួយដុំហ្វ្រាំងធ្វើពីកាប៊ូនសេរ៉ាមិច ។

ចំពោនៅផ្នែកខាងក្នុងវិញ ផ្តោតលើប្រណិតភាព ដោយមានបំពាក់កៅអីស្រោយស្បែកអាចលៃតម្រូវបាន ១៤ របៀបតាមរយៈថាមពលអគ្គិសនី ភ្លើងលម្អ Galaxy បែបលំហអាកាស កញ្ចក់អាចបន្ថយសំឡេងរំខាន ខណៈនៅលើរតាប្លូមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទាំងអស់ដែលមាននៅលើរថយន្តនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម