ក្រុមហ៊ុន Rivian បានប្រកាសដំណឹងទាក់ទងនឹងរថយន្តភីកអាប់អគ្គិសនី R1T និងរថយន្តអគ្គិសនី R1S របស់ខ្លួន អំពីតម្លៃសម្រេចចុងក្រោយ ហើយវិបសាយសម្រាប់ជ្រើសរើសលក្ខណៈសម្បត្តិរថយន្តនឹងដាក់ដំណើរការនៅថ្ងៃទី២៣ ខែវិច្ឆិកា។
ចាប់ផ្ដើមជាមួយរថយន្ត Rivian R1S វានឹងមានដាក់លក់នូវប្រភេទ Launch Edition មុន ដែលនឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជននៅខែសីហា ឆ្នាំ ២០២១ ដោយវាមានតម្លៃចាប់ពី ៧៧ ៥០០ដុល្លារ។ យ៉ាងណាក្ដីគេមិនច្បាស់ថាតម្លៃនេះបានរាប់បញ្ចូលប្រាក់ជំនួយចំនួន ៧ ៥០០ដុល្លារ ពីរដ្ឋាភិបាលហើយឬនៅនោះទេ។
រថយន្ត R1S ក៏មានប្រភេទ Adventure ដែលមានតម្លៃចាប់ពី ៧៧ ៥០០ដុល្លារ ដូចគ្នា ប៉ុន្តែនឹងចេញលក់នៅខែមករាឆ្នាំ ២០២២ ឯណោះ។ ចំពោះរថយន្ត R1S ប្រភេទ Explore ដែលជាប្រភេទ Base វិញនឹងមានតម្លៃចាប់ពី ៧០ ០០០ដុល្លារ ឡើងទៅ។
សម្រាប់រថយន្តភីកអាប់ R1T វានឹងមានដាក់លក់ជាប្រភេទ Launch Edition, Adventure និង Explore ដូចគ្នា ដោយតម្លៃរបស់ Launch Edition និង Adventure គឺមានចាប់ពី ៧៥ ០០០ដុល្លារ។ ចំណែកប្រភេទ Explore គឺមានតម្លៃចាប់ពី ៦៧ ៥០០ដុល្លារ។
Rivian R1T Launch Edition នឹងចេញលក់លើទីផ្សារមុនដោយរំពឹងថានឹងចេញលក់ចាប់ពីខែមិថុនា ឆ្នាំ ២០២១ ខណៈពីរប្រភេទទៀតនឹងចេញលក់នៅក្នុងខែមករា ឆ្នាំ ២០២២៕