[បរទេស] អំឡុងឆ្នាំ ២០២១ លោក Rod Ferguson មានតួរនាទីជាប្រធានផែនការផលិតផលជាន់ខ្ពស់របស់ Toyota ប្រចាំនៅប្រទេសអូស្តា្រលី បានធ្វើការសម្ភាសន៍ជាមួយ Car Advice ថាក្រុមហ៊ុននឹងមិនកាត់ផ្តាច់នៃការផលិតរថយន្ត Toyota Hilux ដើរដោយថាមពលអគ្គិសនីនោះទេ ផ្ទុយទៅវិញគឺក្រុមហ៊ុនត្រូវការអាគុយទំនើប រួមទាំងម៉ូទ័រអគ្គិសនីសម្រាប់ការផលិតរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន។
យោងតាមរបាយការណ៍ពី Motor Trend របស់អាមេរិកកាលពីឆ្នាំមុនបានបង្ហាញថា HiLux និង Tacoma ជំនាន់ក្រោយនឹងប្រើប្រាស់គ្រោងឆ្អឹង TNGA-F ladder frame platform ថ្មី របស់ក្រុមហ៊ុន Toyota។
ដោយសារតែ រថយន្តភីកអាប់អគ្គិសនី មានតម្រូវការច្រើននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងតំបន់ផ្សេងៗជុំវិញពិភពលោក ប្រសិនបើពួកគេចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុន Ford និង Chevrolet ក្នុងនោះបង្ហាញថា ក្រុមហ៊ុន Toyota ត្រូវតែធ្វើការធ្ងន់សម្រាប់ការប្រគួតប្រជែងមួយនេះ។
បើយោងទៅលើព័ត៌មានពីគេហទំព័រ Prachachat Business ដែលបញ្ជាក់ថា Toyota មានគំនិតក្នុងការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនី (Pickup EV) ដែលគេរំពឹងថានឹងផលិតនិងលក់នៅប្រទេសថៃក្នុងឆ្នាំនេះ។ វាអាចនឹងត្រូវបានបង្ហាញអោយឃើញនៅចុងឆ្នាំ ២០២២ ព្រោះវាកំពុងស្ថិតក្រោមការអភិវឌ្ឍន៍។
គួរបញ្ជាក់ផងដែរថា Toyota មិនមែនជាក្រុមហ៊ុនថ្មីដែលលក់រថយន្តអគ្គិសនីដំបូងទេ ពួកគេបានលក់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលដឹកនាំដោយ Prius ក្នុងឆ្នាំ ១៩៩៧៕