ក្រុមហ៊ុន Volkswagen បានបញ្ចេញរូបភាព Teaser ទីពីរនៃរថយន្តភីកអាប់ Amarok ជំនាន់ថ្មីរំពឹងថាបង្ហាញវត្តមានឆ្នាំ ២០២២ ដែលរូបភាព Teaser នេះគឺបានបញ្ចេញក្រោយពី Volkswagen បានបង្ហាញរូប Render នៃរថយន្តនេះកាលពីឆ្នាំកន្លងទៅរួចមក។
តាមរយៈរូបភាពគេអាចឃើញបានច្បាស់ថារថយន្ត Amarok គឺមានរូបរាង និងមុខមាត់ខុសពីជំនាន់បច្ចុប្បន្នដាច់តែម្ដង ជាពិសេសគឺនៅត្រង់រចនាបថខាងមុខ និងតួខ្លួនផ្នែកកណ្ដាលរបស់វា។ នៅលើដំបូលរថយន្តមានការបំពាក់អំពូលភ្លើង LED ចំនួនពីរ ហើយយ៉ាន់រថយន្តបានស្រោបដោយសម្បកកង់ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។
រថយន្ត Amarok ជំនាន់ថ្មីត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង T7 ជាគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Ford Ranger ជំនាន់ថ្មី ដែលវាស្ថិតក្រោមកិច្ចសហការរវាង Volkswagen និង Ford ដែលក្រុមហ៊ុនបានប្រកាសកាលពីជិត២ឆ្នាំមុន។
ការលើកឡើងរបស់អ្នកចាត់ការជាន់ខ្ពស់នៅ Volkswagen បាននិយាយថា Amarok ជំនាន់ថ្មីនឹងមិនត្រឹមតែជារថយន្តភីកអាប់ដ៏អស្ចារ្យនោះទេ ប៉ុន្តែក៏នឹងមានបំពាក់ដោយការឌីហ្សាញ និងបច្ចេកវិទ្យាពិសេសរបស់ Volkswagen ផងដែរ៕