ឡានវ៉ែនអគ្គិសនី Volkswagen ID. Buzz ទទួលបានការកុម្ម៉ង់ទិញជាង ២ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen Commercial Vehicles បានប្រកាសថារថយន្តវ៉ែនអគ្គិសនី ID. Buzz របស់ខ្លួនទទួលបានការកុម្ម៉ង់ទិញជាង ២ម៉ឺនគ្រឿងហើយ។

តាមក្រុមហ៊ុនបានឲ្យដឹងថាចំនួនកុម្ម៉ង់នេះ គឺទទួលបានមុនពេលដែល ID, Buzz ត្រូវដាក់តាំងនៅតាមហាងលក់ ដែលជាសញ្ញាបង្ហាញថារថយន្តនេះទទួលបានការចាប់អារម្មណ៍គួរសមពីអតិថិជននៅអឺរ៉ុប ជាទីផ្សារតែមួយគត់ដែលមានលក់រថយន្តនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅអឺរ៉ុប រថយន្ត Volkswagen ID. Buzz មានដាក់លក់ជាមួយជម្រើសអាគុយតែមួយគត់គឺប្រភេទអាគុយចំណុះ ៨២kWh និងប្រព័ន្ធបើកបរវិលកង់ក្រោយ ហើយអតិថិជនអាចជ្រើសរើសរវាងរថយន្តអ្នកដំណើរធម្មតា ឬរថយន្តដឹកទំនិញ។

ID. Buzz បានចូលរោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់កាលពីដើមខែមិថុនា ដោយ Volkswagen គ្រោងផលិតរថយន្តនេះឲ្យបាន ១៥ ០០០គ្រឿង នៅត្រឹមចុងឆ្នាំ២០២២ រួចបន្តបង្កើនទំហំផលិតដល់ ១៣ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នាពេលអនាគត។

នៅអឺរ៉ុប រថយន្ត ID. Buzz មានតម្លៃចាប់ពី ៥៤ ៤៣០អឺរ៉ូ សម្រាប់ប្រភេទ ID. Buzz Cargo ដែលស្មើនឹងប្រមាណ ៥៤​ ១០០ដុល្លារ ផ្អែកតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម