[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC-GM-Wuling (SGMW) របស់ចិន បានប្រកាសចេញរថយន្តវ៉ែនតម្លៃធូរថ្លៃមួយម៉ូដែលឈ្មោះថា Wuling Jiachen ជារថយន្ត៧កៅអី និងមានតម្លៃលក់ចន្លោះពី ១០ ២០០ដុល្លារ ទៅ ១៤ ៨០០ដុល្លារ ប៉ុណ្ណោះ។
រថយន្ត Wuling Jiachen មានចែកចេញជាប្រាំប្រភេទផ្សេងៗគ្នា ដោយមានជម្រើសពណ៌ខាងក្រៅចំនួនបួន ហើយមានអតិថិជនគោលដៅគឺជាគ្រួសារដែលមានសមាជិកច្រើន។ រថយន្តនេះមានប្រវែង ៤៧៨៥ម.ម ទទឹង ១៨២០ម.ម និងកម្ពស់ ១៧៦០ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៧៦០ម.ម។
ផ្នែកខាងក្នុងនៃរថយន្តមានបំពាក់ដោយអេក្រង់ទំហំ ១០,២៥អ៊ីញ នៅចំកណ្ដាល រួមជាមួយចង្កូតរថយន្តដែលអាចបញ្ជាលើមុខងារជាច្រើន។ នៅចំកណ្ដាលក៏មានជាកន្លែងដាក់កែវទឹកចំនួនពីរ, មានប្រអប់ដាក់ឥវ៉ាន់ចំនួនពីរ និងមានរន្ធ USB ចំនួនមួយផងដែរ។ លើផ្នែកសុវត្ថិភាព Wuling Jiachen មានមកជាមួយពោងសុវត្ថិភាពចំនួន៤, មុខងាររក្សាលំនឹងអេឡិចត្រូនិក និងមានប្រព័ន្ធចង្កូត Nexteer ជាដើម។
រថយន្តនេះដែរ មានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Ling OS ដែលអាចបញ្ជាពីចម្ងាយដើម្បីបើកម៉ាស៊ីនត្រជាក់, មានមុខងារបញ្ជាមុខងារដោយសំឡេង, មានមុខងារដែលចូលរថយន្តដោយមិនបាច់ចុចសោ, មានប៊ូតុងចុចបញ្ឆេះ ឬពន្លត់ និងមានហ្វ្រាំងដៃអេឡិចត្រូនិកផងដែរ។
Wuling Jiachen មានមកជាមួយនូវម៉ាស៊ីន ១,៥លីត្រ ប្រភេទ Turbocharged អាចផលិតកម្លាំងបាន ១៤៧សេះ ភ្ជាប់ជាគូនឹងប្រអប់លេខ CVT ចំនួន៨វគ្គ ដែលម៉ាស៊ីននេះមានកម្រិតស៊ីប្រេង ៧,២លីត្រ ក្នុង១០០គីឡូម៉ែត្រ៕