ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវព៌ត័មានសំខាន់ៗមួយចំនួនរបស់រថយន្ត Xiaomi YU7 ដែលជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធទី២ របស់ក្រុមហ៊ុនផលិតរថយន្ត Xiaomi ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងខែមិថុនា ឬខែកក្កដា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយ Tesla Model Y Juniper ដោយផ្តល់ជូនទាំងជម្រើស RWD និង AWD ជាមួយតម្លៃលក់ចាប់ពី ៣៤ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះ Xiaomi YU7 ជម្រើសប៉ុង ២ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៩៥ និង ៣៨៦ សេះ ផ្គួបជាមួយអាគុយ ternary lithium battery ចំនួន ៣ ជម្រើស អាចបើកបរបានចម្ងាយ ៦៧០, ៧៥០ និង ៧៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង មានល្បឿនអតិបរមា ២៥៣ គ.ម/ម៉ោង។
សម្រាប់ Xiaomi YU7 ជម្រើសប៉ុង ១ RWD វិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ ផ្គួបជាមួយអាគុយ lithium iron phosphate battery មានល្បឿនអតិបរមា ២៤០ គ.ម/ម៉ោង។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦០០ ម.ម ទម្ងន់ ២ ៤០៥ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានការរចនាបែបស្ព័រ ដែលមានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue ប៉ុន្តែចង្កៀងមុខត្រូវបានរចនាជាមួយរចនាប័ទ្ម 750S ដែលបំផុសគំនិតតាម McLaren ខណៈនៅផ្នែកខាងក្រោយរចនាជាមួយអំពូល LED លាតពេញផ្ទៃខាងក្រោយតែម្តង រួមជាមួយ spoiler ដែលមើលទៅមិនខុសពីរថយន្ត Aston Martin នោះឡើយ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៦,១អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយ រួមជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនមុខងារ ឧបករណ៍ចាប់សញ្ញា LiDAR ដែលបំពាក់លើដំបូល និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕