[ទីផ្សារបរទេស] តួលេខលក់ជាសកលសម្រាប់ខែេមេសា ឆ្នាំ២០២២ ដែលក្រុមហ៊ុន Volvo ទើបចេញផ្សាយបានបង្ហាញថារថយន្តអគ្គិសនីបានកើនឡើងចំណែកដល់ជិត ៤០% ហើយក្នុងចំណោមការលក់សរុប។
Volvo Cars បាននិយាយថាការលក់រថយន្ត នៅខែមេសា បានធ្លាក់ចុះ ២៤,៨% មកនៅត្រឹម ៤៧ ១៥០គ្រឿង បើធៀបនឹងខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែររថយន្តដែលប្រើថាមពលអគ្គិសនីមានចំណែក ៣៨,៤% នៃចំនួនលក់សរុប ឯរថយន្តប្រើថាមពលអគ្គិសនីសុទ្ធមានចំណែក ១០% ផងដែរនៃការលក់សរុប។
ទីផ្សារ Volvo នៅសហរដ្ឋអាមេរិក ដែលមានរថយន្ត ១០ ០២២គ្រឿង បានរកឃើញម្ចាស់ថ្មីនៅខែមេសា ប៉ុន្តែការលក់នៅទីផ្សារនេះបានធ្លាក់ចុះ ៩,២%។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរថយន្ត Recharge មានចំណែក ៤៤,១% នៃចំនួនលក់សរុបនៅសហរដ្ឋអាមេរិក។
ដោយឡែកទីផ្សារនៅអឺរ៉ុបលក់ចេញបាន ១៩ ៨២២គ្រឿង ធ្លាក់ចុះពីចំនួនលក់ ២៥ ៨១៦គ្រឿងកាលពីខែមេសា ឆ្នាំ២០២១ ចំណែកប្រទេសចិនលក់បានចំនួន ៨ ៥៧៩គ្រឿង ដែលធ្លាក់ចុះ ៤៧,៨% បើធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២១។
ទោះការលក់ធ្លាក់ចុះ Volvo នៅតែមានការគិតសុទុដ្ឋិនិយមដោយចាត់ទុកថានេះជាការថយចុះបណ្ដោះអាសន្ន ហើយសង្ឃឹមថាវិបត្តិឈីបសកល និងវិបត្តិសង្វាក់ផ្គត់ផ្គង់នឹងត្រូវបន្ធូបន្ថយនៅឆមាសទីពីរនៃឆ្នាំ២០២២នេះ៕