លោក Elon Musk នាយកប្រតិបត្តិ Tesla បាននិយាយថារថយន្ត Roadster ដែលមនុស្សគ្រប់គ្នាបានទន្ទឹងរង់ចាំនោះនឹងចូលរោងចក្រផលិតនៅឆ្នាំ ២០២២ ខាងមុខ ដែលមានន័យថាការផលិតរថយន្តអគ្គិសនីមហាកម្លាំងនេះបានពន្យារពេលប្រមាណ ២ឆ្នាំឯណោះ។
នៅពេលបង្ហាញចេញរថយន្ត Roadster កាលពីឆ្នាំ ២០១៧ ក្នុងទម្រង់ជារថយន្ត Concept នោះ លោក Elon Musk បាននិយាយថាការផលិតនៃរថយន្តនេះនឹងចាប់ផ្ដើមធ្វើឡើងនៅឆ្នាំ ២០២០។ យ៉ាងណាក្ដីដោយសារបញ្ហាមួយចំនួនការផលិតមិនបានធ្វើឡើងតាមការគ្រោងទុកនោះឡើយ។
ក្រោយពីការបង្ហាញរថយន្ត Model S និង Model X ស៊េរីឆ្នាំ ២០២១ កាលពីថ្មីៗនេះ លោក Elon Musk បាននិយាយនៅលើ Twitter ថាកិច្ចការងារវិស្វកម្មសម្រាប់រថយន្ត Roadster គ្រោងបញ្ចប់នៅឆ្នាំ ២០២១ នេះ ដែលការផលិតអាចនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។
រថយន្ត Roadster ត្រូវបាន Tesla អះអាងថាវាអាចបង្កើនសន្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ១,៩វិនាទី ជាមួយល្បឿនអតិបរមា ៤០២គ.ម/ម៉។ បន្ថែមពីនេះវាអាចជិះបានចម្ងាយដល់ប្រមាណ ៩៩៧គីឡូម៉ែត្រពេលសាកភ្លើងពេញផងដែរ។
ក្រោយការបង្ហាញចេញ Concept នៃរថយន្ត Roadster ជំនាន់ទីពីរ Tesla បានបើកទទួលការកក់ទុកមុនភ្លាមៗដោយតម្រូវឲ្យកក់ប្រាក់ ៥ម៉ឺនដុល្លារសម្រាប់ប្រភេទធម្មតា និងត្រូវបង់ថ្លៃពេញ ២៥ម៉ឺនដុល្លារ សម្រាប់អ្នកដែលចង់បានប្រភេទពិសេស Founder’s Edition៕