ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda អាចមានរូបរាងបែបនេះ

ក្រុមហ៊ុន Mazda នឹងដាក់បង្ហាញគំរូរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងកម្មវិធី Tokyo Motor Show នាថ្ងៃទី២៣ តុលា ២០១៩ ខាងមុខ។

គំរូរថយន្តអគ្គិសនីដំបូងបង្អស់របស់ Mazda មានឈ្មោះថា MX-30 Concept ដោយវាគឺជារថយន្តប្រភេទ SUV។ នេះបើតាមរូបថតនៅលើទស្សនាវដ្តីជប៉ុន Japan’s Car Top។

ពាណិជ្ជកម្ម

MX-30 Concept មានតួខ្ពស់ កាត់រូបរាងបែប Coupe ហើយមានទ្វារក្រោយតូច គ្មានដៃកាន់ខាងក្រៅឡើយ ហើយ ទំនងជាតម្រូវឲ្យទ្វារខាងមុខបើកជាមុនសិន ដើម្បីអាចឲ្យអ្នកដំណើរចូលបាន ដោយការរចនាបែបនេះគឺកាត់តាមរថយន្តស្ព័រ Mazda RX-8។

ការរចនាដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺប៉ាណាមុខដែលមានរូបរាងស្លីមខ្លាំងជាងម៉ូដែលចុងក្រោយរបស់ Mazda ទាំងអស់ ហើយថែមទាំងផុងចូលក្នុងខ្លាំងទៀតផង។ មិនតែប៉ុណ្ណោះ សូម្បីតែចង្កៀងមុខរបស់វាក៏ថ្មីដែរ ខណៈដងខ្លួនរបស់វាស្រដៀងទៅនឹងរថយន្ត Mazda CX-30។

គំរូរថយន្ត MX-30 Concept អាចនឹងប្រើម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ១៤១សេះ និងកញ្ចប់អាគុយកម្លាំង ៣៥,៥គីឡូវ៉ាត់ម៉ោងមួយទៀតផង៕

Sponsored