ក្រោយពីការប្រកាសអំពីការរួមសហការគ្នារវាងក្រុមហ៊ុន Bugatti និងក្រុមហ៊ុន Rimac រួចមក ពេលនេះលោក Mate Rimac ដែលជានាយកប្រតិបត្តិ Rimac បាននិយាយលម្អិតបន្ថែមអំពីកិច្ចសហការរវាងក្រុមហ៊ុនរថយន្តទាំងពីរ។
លោក Mate Rimac បាននិយាយថាក្រុមហ៊ុន Rimac និង Bugatti នឹងបន្តនៅជាម៉ាកសញ្ញាដាច់ពីគ្នា និងបាននិយាយថា Bugatti នឹងបន្តផលិតរថយន្តពួកគេនៅប្រទេសបារាំង។ យ៉ាងណាក្ដីទីស្នាក់ការ Bugatti-Rimac នឹងតាំងទីនៅប្រទេសក្រូអាត ហើយវានឹងជាទីតាំងផលិតនូវគ្រឿងបន្លាស់ និងបច្ចេកវិទ្យាសម្រាប់ម៉ាករថយន្តទាំងពីរ។
នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មាន Autocar អំពីផែនការទាក់ទងនឹងរថយន្តអគ្គិសនី ដោយបាននិយាយថា ៖ “នៅក្នុងសតវត្សនេះ នឹងមានរថយន្ត Bugatti ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ” ហើយលោកក៏បាននិយាយដែរថា Bugatti នឹងបន្តផលិតរថយន្តម៉ាស៊ីនពីស្តុង ប៉ុន្តែរថយន្តនេះនឹងមានអមដោយប្រព័ន្ធ Hybrid មកជាមួយ។
តាមសម្ដីរបស់លោក Lutz Meschke បានឲ្យដឹងថាការចរចាសហការគ្នារវាង Bugatti និង Rimac គឺបានកើតឡើងរយៈពេល១៨ខែមកហើយ ដោយមានការចំណាយពេលយូរក្នុងការស្វែងរករចនាសម្ព័ន្ធត្រឹមត្រូវមួយសម្រាប់ក្រុមហ៊ុនថ្មី (Bugatti-Rimac)។ យ៉ាងណាក្ដី លោកជឿជាក់ថាគ្រប់គ្នានឹងទទួលបានផលប្រយោជន៍ពីការរួបរួមគ្នានេះ ជាពិសេសគឺអតិថិជន Bugatti ដោយសារតែអនាគតរបស់ម៉ាករថយន្តនេះមានភាពច្បាស់លាស់ហើយ៕