ឡានអគ្គិសនីថ្មី អួតថាមានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 5 ឯណោះ

ក្រុមហ៊ុនរថយន្តចិន Weimar Motors ទើបបានបង្ហាញចេញរថយន្តម៉ូដែលទីប្រាំរបស់ខ្លួនឈ្មោះថា M7 ដែលរថយន្តនេះធ្លាប់បានបង្ហាញចេញជាប្រភេទ Concept ជាលើកដំបូងនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងកាលពីឆ្នាំ២០២០។

ការឌីហ្សាញរបស់ខ្លួនវាមានការផ្លាស់ប្ដូរបន្តិចបន្តួចខុសពីប្រភេទ Concept ដោយផ្នែកខាងមុខមានជាខ្សែអំពូលភ្លើងមួយខ្សែធំ ជាប្រភេទអំពូលភ្លើង LED ហើយដោយសារវាជារថយន្តអគ្គិសនី ហេតុនេះមិនមានផ្ទាំងប៉ាណាមុខសម្រាប់បញ្ចុះកម្ដៅម៉ាស៊ីនដូចរថយន្តធម្មតាឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលពីផ្នែកចំហៀងរថយន្តនេះបានជម្រុះចោលនូវទ្វារប្រភេទ Suicide Doors ដោយជំនួសមកនូវទ្វារធម្មតាវិញ ដែលទ្វារនេះមានបង្កប់​ដៃទ្វារនៅពីខាងក្នុង។ រចនាបថប្លែកភ្នែកនៃរថយន្តនេះបានបន្តដល់ផ្នែកខាងក្រោយ ដោយមាន​ភ្លើងឲ្យសញ្ញាជាខ្សែដូចគ្នា។

ផ្នែកខាងក្នុងនៃរថយន្តមានបំពាក់អេក្រង់កម្សាន្តទំហំធំ, កុងទ័រប្រភេទឌីជីថល ខណៈដែលកៅអីអង្គុយជួរខាងក្រោយមានអេក្រង់សម្រាប់កម្សាន្តផ្ទាល់ខ្លួនផងដែរ។

បច្ចេកវិទ្យាដែលមកជាមួយការឌីហ្សាញដ៏ប្លែកនេះក៏គួរឲ្យសរសើរណាស់ដែរ ដោយវាមានបំពាក់ដោយប្រព័ន្ធកាមេរ៉ា LiDAR ចំនួនបី, មានមុខងាររ៉ាដា 5 millimeter-wave, មាន Ultrasonic Radar ចំនួន១២, កាមេរ៉ាទំហំ៨MP ចំនួន៧គ្រាប់, កាមេរ៉ាមើលទិដ្ឋភាពជុំវិញចំនួន៤គ្រាប់។ បន្ថែមពីនេះក្រុមហ៊ុន Weimar និយាយថារថយន្ត M7 នេះមានសមត្ថភាព​បើកបរស្វ័យប្រវត្តិ Level 5 ថែមទៀត។

លក្ខណៈសម្បត្តិនៃប្រព័ន្ធខាងក្នុងមានមិនទាន់ច្រើនប៉ុន្មានឡើយ ប៉ុន្តែរថយន្តនេះទំនងជាអាចបើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ ខណៈដែលដំណឹងផ្សេងទៀតទាក់ទងនឹងរថយន្តទំនងជាប្រកាសចេញឆាប់ៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម