ឡានអគ្គិសនីបន្តកើនឡើងប្រជាប្រិយភាពនៅអាមេរិក

[ទីផ្សារបរទេស] ទិន្នន័យថ្មីពី Cox Automotive បានបង្ហាញ​ថា​​ទីផ្សាររថយន្តអគ្គិសនីនៅ​សហរដ្ឋអាមេរិកបានកើនឡើង ៦៦,៤% នៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយកើនឡើងពី ១១៨ ២៣៥គ្រឿង មកដល់ ១៩៦ ៧៨៨គ្រឿង។

ការកើនឡើងនេះជាចំណុចគួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលទីផ្សាររថយន្តថ្មីនៅសហរដ្ឋអាមេរិកបាន​ថយចុះប្រមាណ ២០% នៅ​ក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ បើធៀបនឹងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំណើនចំនួនលក់រថយន្តអគ្គិសនីមួយចំណែកធំគឺដោយសារការចេញលក់រថយន្តម៉ូដែលថ្មីៗ ដោយកាលពីឆ្នាំ២០២១ មាន​រថយន្ត​អគ្គិសនី​ចំនួន ១៩ម៉ូដែលផ្សេងៗគ្នាដែលចេញលក់នៅអាមេរិក ហើយឆ្នាំនេះតួលេខបានហក់ឡើង​ដល់ ៣៣ម៉ូដែល ហើយ​រថយន្ត​ម៉ូដែល​ថ្មីៗដែលទើបចេញលក់មានចំណែកជិត ៣ម៉ឺនគ្រឿង នៃចំនួនលក់សរុបនៅអំឡុងត្រីមាសទីពីរ។

សម្រាប់រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺរថយន្ត Tesla Model Y ដែលលក់​ចេញបាន ៥៩ ៨២២គ្រឿង តាមពី​ក្រោយ​ដោយ​រថយន្ត Model 3 របស់ Tesla ដដែលដោយលក់បាន ៥៤ ៦២០គ្រឿង។ ទីបីគឺរថយន្ត Mustang Mach-E របស់ Ford លក់បាន ១០ ៩៤១គ្រឿង, Hyundai Ioniq 5 លក់បាន ៧ ៤៤៨គ្រឿង និង Kia EV6 លក់បាន ៧ ២៨៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម