[បរទេស] កាលពីថ្មីៗនេះ រថយន្តអគ្គិសនីសុទ្ធ VW ID.UNYX 06 ដែលផលិតរួមគ្នារវាងក្រុមហ៊ុន SAIC-VW បានបង្ហាញខ្លួននៅក្នុងកាតាឡុករបស់ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចុងក្រោយបង្អស់របស់ចិន គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ ជាមួយតម្លៃចាប់ពិ ២៨ ៩០០ ដុល្លារ ដល់ ៣៤ ៤០០ ដុល្លារ នៅប្រទេសចិន ។
គួរឲ្យដឹងថា រថយន្តថ្មីនេះ ទំនងអាចជាម៉ូដែលដែលបានអាប់ដេតចេញពីរថយន្តប្រភេទ Crossover អគ្គិសនីឆ្លាតវៃស្ថិតក្រោម ID.UX series របស់ក្រុមហ៊ុន Volkswagen ដែលបានដាក់បញ្ចេញកាលពីខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៦៣ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៦ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយបានលេងជាមួយចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ក៏ដូចជាថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ២០អ៉ីញ ។ ខណៈផ្នែកខាងក្នុងមិនមានព័ត៌មានបង្ហាញនោះទេ ។
ទាក់ទងទៅនឹងផ្នែកថាមពលវីញ Volkswagen ID.UNYX 06 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២៨ សេះ ផ្គួបជាមួយអាគុយដែលរំពឹងថា អាចផ្តល់ចំងាយនៃការបើកបរបានខ្ទង់ ៦០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕