
[បរទេស] ក្រុមហ៊ុនផលិត Xpeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Xpeng X9 ស៊េរថ្មីចុងក្រោយ ប្រភេទ MPV នៅឯពិព័រណ៍រថយន្ត Motor Expo 2024 នៅប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៨១ ៦៨០ ដុល្លារ ព្រមទាំងទទួលបានការបញ្ជាទិញដល់ទៅ ២០០ គ្រឿង ។
Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៩៣ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ៧៨៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ១៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique ចង្កៀងបំភ្លឺបំភ្លឺផ្លូវ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តទំហំ ២១,៤ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 ក៏ដូចជាឧបករណ៍ម៉ាក Xopera ចំនួន ២៣ ចំនុច, កៅអីជួរជាប្រភេទ captain seat អេឡិចត្រូនិចចំនួន ២ និងនៅពេលបតើកៅអីជួរទី ៣ចុះ អាចផ្ទុកបានដល់ ២៥៥៤ លីត្រ ៕