ឡានអគ្គិសនី BMW អនាគត នឹងប្រើអាគុយជំនាន់ថ្មី ជិះបានដល់ចម្ងាយ ១០០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានប្រកាសចេញដំណឹងលម្អិត​អំពី​អាគុយ​លីចូម​ជំនាន់ថ្មីសម្រាប់ប្រើប្រាស់​លើ​រថយន្ត​អគ្គិសនី ដែល​ត្រូវបានដាក់ឈ្មោះថាអាគុយ Gen6។

អាគុយដែលគ្រោងនឹងប្រើលើត្រកូលរថយន្ត Neue Klasse ចាប់ពីឆ្នាំ២០២៥តទៅ មាន​សមត្ថភាព​បើកបរ​បាន​ឆ្ងាយ​ជាង​អាគុយ Gen5 រហូតដល់ ៣០% ដែល​មាន​ន័យថាវាអាចបើកបរបានចម្ងាយដល់ ១០០០គីឡូម៉ែត្រ។ យ៉ាងណាក្ដីតំណាងក្រុមហ៊ុន​ BMW និយាយថា​ចម្ងាយ​បើកបរដល់ ១០០០គីឡូម៉ែត្រនេះ មិនមែនជាចម្ងាយបើកបរដ៏ចាំបាច់ឡើយ។

ពាណិជ្ជកម្ម

ក្រៅពីផ្ដល់ចម្ងាយបើកបរឆ្ងាយហើយនោះ អាគុយ Gen6 ក៏​រំពឹងថា​បង្កើនកម្លាំងសាក​បាន​លឿនជាងមុន ៣០% ផងដែរ ដែល​មាន​ន័យថារថយន្តអគ្គិសនីរបស់ BMW ដែលប្រើអាគុយ Gen6 នឹង​អាចគាំទ្រការសាកភ្លើងកម្លាំងប្រមាណ ២៧០kW ខ្លាំង​ដូច​ជា Porsche Taycan។

អាគុយ Gen6 នេះដែរ ត្រូវបានប៉ាន់ស្មានថាមានទម្ងន់ស្រាលជាងអាគុយជំនាន់មុន​ប្រមាណ ១០% ទៅ ២០% ដែល​អាគុយ Gen5 គឺមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម សម្រាប់​អាគុយដែលផ្ដល់ចម្ងាយបើកបរបានកម្រិតមធ្យម។

ទាក់ទងនឹងអាយុកាលរបស់អាគុយជំនាន់ថ្មីនេះដែរ BMW បានបញ្ជាក់ថា​ ក្រោយប្រើប្រាស់រយៈពេល១០ឆ្នាំ អាគុយនេះនៅ​តែ​អាច​កាន់​ថាមពល​បាន​​លើសពី ៨០%៕

Sponsored