[ទីផ្សារបរទេស] កាលពីថ្ងៃទី ៣០ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញរថយន្តអគ្គិសនី BYD Seal ស៊េរីឆ្នាំ ២០២២ ជាផ្លូវការ ត្រៀមប្រកួតប្រជែងក្នុងទីផ្សាររថយន្តស្ព័រប្រណិត និងចេញលក់នៅក្នុងខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្ត BYD Seal ស៊េរីឆ្នាំ ២០២២ ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 មានប្រវែងសរុប ៤ ៨០០ ម.ម ទទឺង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ហើយរថយន្តថ្មីនេះទទួលយកគំនិតរចនានៃគំរូរថយន្ត Ocean-X concept car ដែលខុសពីផលិតផលស៊េរី Dynasty ទាំងស្រុង។
សម្រាប់ការរចនានៃរូបរាងផ្នែកចំហៀងមានរាងស្លីម និងការរចនាផ្នែកខាងមុខ និងខាងក្រោយរាងខ្លី ធ្វើឲ្យរថយន្តមានលក្ខណៈស្ព័រ និងទាកទាញអបជាមួយចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងប្រភេទ LED ។
ចំពោះផ្នែកម៉ាស៊ិនវិញ រថយន្តអគ្គិសនី BYD Seal មានប្រព័ន្ធបញ្ជូនថាមពលច្រើនដោយចែកចេញជា ៣ ប្រភេទ៖
- ម៉ូទ័រអគ្គិសនីចំនួនមួយ កម្លាំង ២០១ សេះ
- ម៉ូទ័រអគ្គិសនីចំនួនមួយ កម្លាំង ៣០៨ សេះ
- ម៉ូទ័រអគ្គិសនីចំនួនពីរ កម្លាំង ៥២២ សេះ ។ ខណៈ នៅមិនទាន់ដឹងពីទំហំអាគុយនិងចម្ងាយនៃការបើកបរ ប៉ុន្តែរថយន្តនេះអាចបង្កើនល្បឿនពី 0 ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៣,៨ វិនាទីប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ បើយោងតាម CnEVPost រថយន្ត BYD Seal អាចនឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Beijing Auto Show ក្នុងខែមេសា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃដែលរំពឹងថានឹងមានចាប់ពី ៣៤ ៦៨៣ ដុល្លារ ដល់ ៤៤ ១៤៣ ដុល្លារ៕