ឡានអគ្គិសនី bZ5 របស់ Toyota ប្រកាសចេញលក់នៅចិនតម្លៃខ្ទង់ ២មុឺនដុល្លារ អាចជិះបាន ៦៣០គ.ម

បន្ទាប់ពីប្រកាសបង្ហាញចេញនៅខែមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត FAW-Toyota បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Toyota bZ5 ប្រភេទ midsize-SUV របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនហើយ ជាមួយតម្លៃលក់ក្រោម ១៨ ០០០ ដុល្លារ សម្រាប់ជម្រើសធម្មតា ដល់ ២២ ២០០ ដុល្លារ សម្រាប់ជម្រើសមានប្រព័ន្ធជំនួយការអ្នកបើកបរក៏ឆ្លាតវៃកម្រិតទី ២ និងខ្ពស់ជាង ២២ ២០០ ដុល្លារ សម្រាប់ជម្រើសកំពូល ឬក៏ Full-Set ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ5 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform មានប្រវែង ៤ ៧៨០ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៥១០ ម.ម និងប្រវែងគម្លាតកង់ ២ ៨៨០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្កួបជាមួយជម្រើសអាគុយប្រភេទ Blade battery របស់ BYD ទំហំ ៦៥,២៨ និង ៧៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ និង ៦៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាផ្នែកខាងក្រៅរបសរថយន្តនេះវិញ គឺមានភាពស្រដៀងគ្នាទៅនឹងម៉ូដែលក្នុងត្រកូល bz របស់ Toyota ផ្សេងៗទៀតដែរ ពោលគឺមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ក៏ដូចជាដៃទ្វារប្រភេទ flush-door ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ២១អ៉ីញ ជាដើម។ លើសពីនេះ ក៏មានបំពាក់ដោយប្រព័ន្ធសេនស័រចំនួន ៣៣ ទីតាំង, កាមេរ៉ា ៧ទីតាំង និងប្រព័ន្ធ radar ៥ ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR លើដំបូល និងប្រព័ន្ធជំនួយការអ្នកបើកបរក៏ឆ្លាតវៃកម្រិតទី ២ គឺ Momenta 5.0 L2 urban advanced driving assistance system ហើយក៏មាន Auto parking ផងដែរ។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបាននូវអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ប្រវែងជិត ២ម៉ែត្រ បាសម៉ាក JBL ចំនួន ១០គ្រាប់ ភ្លើងលម្អចំនួន ២៥៦ពណ៌ មុខងារ AI ពោងសុវត្ថិភាពចំនួន ៩ចំនុច និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម