
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xiaomi ត្រៀមធ្វើការដាក់ចេញលក់នៅរថយន្តកំពូលកំលាំងគឺម៉ូដែល Xiaomi SU7 Ultra ប្រភេទ sedan ប្រើអគ្គិសនីសុទ្ធ ក្នុងខែមេសា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ផ្លូវការ ៧២ ៨៣០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
Xiaomi SU7 Ultra ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១ ៥២៦ សេះ ផ្គួបជាមួយអាគុយ Qilin 2.0 high-power battery ទំហំ ៩៣,៧ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ហើយការសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ១១នាទីប៉ុណ្ណោះ ។
សម្រាប់ផ្នែកខាងក្រៅត្រូវឌីស្សាញឡើងផ្តោតលើប្រព័ន្ធ Aerodynamic ដោយមានកាងជ្រែកខ្យល់ខាងមុខទំហំធំ ក៏ដូចជាថាសកង់ទំហំ ២១អ៉ីញ ជាមួយដុំហ្រ្វាំងឌីសធ្វើពីកាបូន សេរ៉ាមិច ចង្កៀងមុខ-ក្រោយប្រភេទ LED កាង spoiler ខាងក្រោយអូតូ និងឡូហ្គោស្រោបដោយ សន្ទឹកមាស ២៤ការ៉ាត់នៅផ្នែកខាងមុខផងដែរ ។
សម្រាប់ផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic ដោយត្រូវបានតុបតែងជាមួយកាបូនចំនួន ១៧ ទីតាំងរួមមាន កៅអីស្ព័រស្រោបដោយស្បែកប្រភេទ Alcantara, ខ្សែក្រវ៉ាត់សុវត្ថិភាព និងដៃចង្កូតជាដើម ។ លើសពីនេះ ក៏មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ២៥ចំនុចផងដែរ ៕