[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី AION Y Plus EV ស៊េរីថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ១៩ ៣៩៦ ដុល្លារ ដល់ ២៤ ៩៦៨ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៥៣៥ ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ បើនិយាយពីការរចនាវិញ វាមានភាពលេចធ្លោជាមួយនឹងអំពូល LED ឲ្យឈ្មោះថា “Angel Wings Big Eyes” អបសងខាងនៃប៉ាណាមុខបិទជិត, ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, កាងក្រោយទំហំធំ និងថាសកង់ស្ព័រត្រូវបានរចនាយ៉ាងពិសេស។
នៅខាងក្នុងបន្ទប់ប្រើប្រាស់ការរចនា V PLUS បន្ថែមពណ៌ថ្មីទៅ “Zero Focus Green” រួមទាំងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៤,៦ អ៊ីញ និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ ការធ្វើឲ្យប្រសើរឡើងនៅអេក្រង់ dual-screen dual-core, ប្រើប្រាស់បន្ទះឈីបចំនួន ២ សម្រាប់ ADiGO SPACE និងប្រព័ន្ធ ADiGO PILOT, ដំបូលបើកបែប Panoramic និងមុខងារ OTA update។
រថយន្តនេះ បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៣,៩៨ គីឡូវ៉ាត់ម៉ោង និង ៧៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៥១០ គីឡូម៉ែត្រ ដល់ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕