[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Honda VE-1 ស៊េរីឆ្នាំ ២០២៣ ដែលមាន ៧ ម៉ូដែល សម្រាប់ជ្រើសរើស រួមទាំង Magic Night Edition និង Magic Night Deluxe Edition ជាមួយតម្លៃលក់ចាប់ពី ២៣ ១០៣ ដុល្លារ ដល់ ២៧ ០២៧ ដុល្លារមានលក់សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ។
រថយន្ត Honda VE-1 ស៊េរីឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៤ ៣១៧ ម.ម ទទឺង ១ ៧៨៩ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម។ ចំពោះការរចនាវិញ រថយន្តនេះបានភ្ជាប់មកជាមួយការកែលម្អការរចនាមួយចំនួន ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយចង្កៀងមុខប្រភេទ Full LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ប្រភេទ Michelin Primacy 4 Haoyue ។
ចូលទៅកាន់ផ្នែខាងក្នុងត្រូវបានតុបតែងជាមួយពណ៌ថ្មី កុងទ័រព័ត៌មាន Full LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ , កន្លែងសាកថ្មឥតខ្សែនិងចង្កិះលេខ Shift Knob ថ្មី ។ លើសពីនេះ ប្រព័ន្ធ WOW STATION ក៏បន្ថែមមុខងារដូចជាការស្វែងរករថយន្តពីចម្ងាយ, ការបើក/បិទសោ និងការបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយ, កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៦ ទិសដៅ និងដំបូលបើកបែប Panoramic sunroof។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៦៣ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីចូមទំហំ ៦១,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រ ដល់ ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមានមុខងារសាកថ្មល្បឿនលឿន ដែលអាចសាកពី ៣០% ដល់ ៨០% ត្រឹមរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ៕