[ទីផ្សារបរទេស] វិបសាយរថយន្ត Autoblog នាពេលថ្មីៗនេះ បានជួបនិយាយជាមួយលោក Rich Latek ដែលជាអ្នកចាត់ការផ្នែកទីផ្សារសម្រាប់ក្រុមហ៊ុន GMC ដោយបានឲ្យដឹងថាតម្រូវការលើរថយន្តអគ្គិសនី Hummer EV កំពុងតែមានសន្ទុះខ្លាំងក្លាបំផុត។
តាមលោក Latek បានឲ្យដឹងថារថយន្ត Hummer EV ទាំងប្រភេទភីកអាប់ និងប្រភេទ SUV ទទួលបានការកក់ប្រមាណ ៩ម៉ឺនគ្រឿង។ ជាងនេះទៅទៀត ទំនងជាមានមនុស្សជាច្រើនមានបំណងក្នុងការទិញរថយន្តនេះ ដោយមានការកក់ជាច្រើនបានប្រែក្លាយជាការកុម្ម៉ង់ទិញតែម្ដង គឺប្រមាណ ៩០% ឯណោះ។
រំលឹកថាកាលពីពាក់កណ្ដាលខែមិថុនា វិបសាយ CarBuzz បានរាយការណ៍ថារថយន្ត Hummer អគ្គិសនី ទទួលបានការកក់ ៧៧ ៥០០គ្រឿង ដែលមួយខែក្រោយមកតួលេខនេះបានឡើងដល់ ៨ម៉ឺនគ្រឿង និងជិតពីរខែក្រោយមក វាបានឡើងដល់ ៩ម៉ឺនគ្រឿង។ ក្នុងកម្រិតនេះ GMC ទំនងជាទទួលបានការកក់ដល់ ១០ម៉ឺនគ្រឿង នៅក្នុងខែវិច្ឆិកាខាងមុខ។
តួលេខនេះ អាចនិយាយបានថាជាតួលេខអស្ចារ្យមួយសម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃចាប់ពីជាង ៨ម៉ឺនដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក៕