[ទីផ្សារបរទេស] រថយន្ត Hyundai Ioniq 6 First Edition ដែលជាប្រភេទផលិតមានចំនួនកំណត់ បានលក់ដាច់អស់គ្មានសល់ក្នុងពេលមិនដល់មួយថ្ងៃ ក្រោយពីការបើកលក់ទុកជាមុនបានចាប់ផ្ដើមនៅថ្ងៃទី៩ ខែវិច្ឆិកា។
រថយន្តទាំង ២៥០០គ្រឿង ត្រូវបានលក់ចេញចំនួន ១០០០គ្រឿងនៅអាល្លឺម៉ង់ និងសេសសល់ប៉ុន្មានទៀតត្រូវបានចែកចាយលើទីផ្សារចក្រភពអង់គ្លេស បារាំង ន័រវេស និងណូវែលហ្សឺឡង់ ជាមួយតម្លៃចាប់ផ្ដើមពី ៥៤ ៩៩៥ផោន នៅអង់គ្លេស និង ៦៦ ៤០០អឺរ៉ូ នៅអាល្លឺម៉ង់ ដែលស្មើប្រមាណ ៦៨ ៥០០ដុល្លារ។
Hyundai និយាយថាអតិថិជនដែលសម្រេចបានការទិញយករថយន្តពិសេសនេះនឹងទទួលបានរថយន្តនៅចន្លោះខែមីនា និងខែមេសា ឆ្នាំ២០២៣។
Hyundai Ioniq 6 First Edition មានបំពាក់ប្រព័ន្ធបើកបរវិលកង់ទាំងបួន ឬហៅថាប៉ុងពីរ ជាមួយអាគុយដែលផ្ដល់ចម្ងាយបើកបរបានឆ្ងាយដែលមានចំណុះ ៧៧,៤kWh។
រថយន្តនេះផលិតថាមពលបាន ៣២០សេះ ខណៈដែលអាគុយផ្ដល់ចម្ងាយបើកបរបានប្រមាណ ៥១៩គីឡូម៉ែត្រ ហើយវាមានប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្លាំង ៨០០វ៉ុល ថែមទៀតផង។
គួរដឹងថា Hyundai Ioniq 6 ប្រភេទធម្មតានឹងមានលក់នៅអឺរ៉ុបនៅចុងឆ្នាំ២០២២ ជាមួយការដឹកជញ្ជូនចាប់ផ្ដើមនៅអំឡុងឆ្នាំ២០២៣៕