[ទីផ្សារបរទេស] រថយន្ត Lexus RZ ត្រូវបានប្រកាសចេញជាផ្លូវការ ក្នុងនាមជារថយន្តដំបូងរបស់ Lexus ដែលមានប្រើប្រាស់គ្រោងឆ្អឹង e-TNGA ដែលជាគ្រោងឆ្អឹងផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីសុទ្ធ។
ត្បិតថាមានសាច់ឈាមជាបងប្អូនរបស់រថយន្ត Toyota bZ4x និងរថយន្ត Subaru Solterra ប៉ុន្តែ Lexus RZ មានរូបរាងខុសគ្នាមើលទៅបែបប្រណីតភាពជាង និងមានមុខងារទំនើបៗច្រើនជាង ថែមទាំងមានកម្លាំងខ្លាំងជាងថែមទៀតផង។
រូបរាងរបស់ Lexus RZ ត្រូវបាន Lexus បង្ហាញចេញជារឿយៗរួចមកហើយកាលពីប៉ុន្មានខែមុន ចំណែកផ្នែកខាងក្នុងមានបំពាក់នូវកាប៊ីនបើកបរឈ្មោះថា Lexus Tazuna ដែលមាននូវកុងទ័រឌីជីថលបំពាក់នៅខាងក្រោយនៃចង្កូតរថយន្តបែប Yoke-Style ដែលជាចង្កូត Option ហើយមាននូវអេក្រង់កម្សាន្តទំហំ ១៤អ៉ីញផងដែរ។
អ្វីដែលសំខាន់ រថយន្ត RZ មានមកជាស្តង់ដារនូវម៉ូទ័រអគ្គិសនីភ្លោះ ដែលអាចផលិតកម្លាំងបាន ២០១សេះនៅផ្នែកខាងមុខ និងផលិតកម្លាំងបាន ១០៧សេះនៅផ្នែកខាងក្រោយ ជាមួយកម្លាំងសរុប ៣០៩សេះ ហើយ Lexus ក៏បានណែនាំនូវប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបើកបរប៉ុងពីរថ្មីផងដែរ។ កម្លាំងសរុបរបស់ RZ មានអនុភាពខ្លាំងជាងបើធៀបនឹងកម្លាំង ២១៥សេះ នៃម៉ូទ័រអគ្គិសនីភ្លោះលើរថយន្ត Toyota bZ4x និងរថយន្ត Subaru Solterra ដែលកម្លាំងរបស់ RZ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៦វិនាទី។
ផ្អែកតាមការប៉ាន់ស្មានរបស់ Lexus បានឲ្យដឹងថាអាគុយចំណុះ ៧១,៤kWh លើរថយន្ត RX នឹងអាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ៤៥០គីឡូម៉ែត្រ ខណៈដែល Lexus Europe បានបញ្ជាក់ថាការធ្វើតេស្ត WLTP ជាមួយរថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានជាមធ្យម ៤០០គីឡូម៉ែត្រ។
គួរដឹងថា Lexus RZ 450e បានបើកទទួលការកក់ទិញជាផ្លូវការហើយតាមរយៈអនឡាញ ដោយតម្លៃលក់មិនទាន់ត្រូវបង្ហាញ ប៉ុន្តែច្បាស់ណាស់ថាវានឹងមានតម្លៃខ្ពស់ជាងរថយន្ត Toyota bZ4x ដែលនៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ៤៨ ៧៨០ដុល្លារ៕