ឡានអគ្គិសនី MG ប្ដូរមុខមាត់ថ្មី សាកម្ដងជិះបានជិត ៥០០គីឡូម៉ែត្រ

ក្រុមហ៊ុន MG Motors បានបង្ហាញចេញរថយន្ត ZS ប្រភេទអគ្គិសនីដែលបានផ្លាស់ប្ដូរមុខមាត់ថ្មី បន្ថែមប្រព័ន្ធកម្សាន្តថ្មី និងមានជអាគុយទំហំធំជាងមុន ដែលអាចបើកបរបានឆ្ងាយជាងមុនផងដែរ ដែលនឹងចេញលក់នៅទីផ្សារអឺរ៉ុបនៅខែវិច្ឆិកា។

MG ZS EV មានបំពាក់អំពូលភ្លើងខាងមុខប្រភេទ LED ថ្មី និងអំពូលក្រោយថ្មីដូចគ្នា ហើយមានបំពាក់នូវផ្ទាំងប៉ាណាមុខដែលមើលទៅខុសពីមុនទាំងស្រុងតែម្ដង។ ឯផ្នែកខាងក្នុងមានបំពាក់អេក្រង់ទំហំ ១០,១អ៊ីញ ប្រភេទ Touchscreen ប្រើប្រាស់ដោយប្រព័ន្ធកម្សាន្តថ្មីឈ្មោះ MG iSMART ដែលមានមុខងារថ្មីៗជាច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលចាប់អារម្មណ៍ខ្លាំងគឺរថយន្តថ្មីនេះមានផ្ដល់អាគុយទំហំដល់ ៧២kWh ដែលអាចបើកបរបានចម្ងាយ ៤៣៩គីឡូម៉ែត្រ ហើយនៅឆ្នាំ២០២២ ក្រុមហ៊ុននឹងមានដាក់លក់ប្រភេទធូរថ្លៃដែលមានអាគុយចំណុះ ៥១kWh អាចបើកបរបានចម្ងាយ ៣១៩គីឡូម៉ែត្រ។

រថយន្តទាំងពីរប្រភេទខាងលើនេះ មានភាពល្អប្រសើរជាងមុនឆ្ងាយបើប្រៀបនឹង ZS EV ពីមុន ដែលមានបំពាក់អាគុយចំណុះត្រឹម ៤៤,៥kWh អាចបើកបរបានចម្ងាយប្រមាណ ២៦២គីឡូម៉ែត្រប៉ុណ្ណោះ។

រថយន្តថ្មីនេះដែរក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដោយអាគុយ ៧២kWh ប្រើពេលត្រឹម ៤២នាទី ជាមួយដុំសាក ១០០គីឡូវ៉ាត់ ឬចំណាយពេល ១០,៥ម៉ោង ជាមួយដុំសាក ៧គីឡូវ៉ាត់។

MG នឹងប្រកាសចេញតម្លៃនៅខែវិច្ឆិកា ពេលដែលរថយន្តនេះចេញលក់លើទីផ្សារជាផ្លូវការ ប៉ុន្តែគេរំពឹងថាប្រភេទធូរថ្លៃនឹងមានតម្លៃប្រមាណ ៣៥ ០០០ដុល្លារ ខណៈដែលប្រភេទអាគុយធំមានតម្លៃប្រមាណ ៤០ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម