ក្រុមហ៊ុន MG Motor ប្រចាំតំបន់អឺរ៉ុបបានប្រកាសចេញលក់រថយន្តអគ្គិសនី MG Marvel R Electric ជាផ្លូវការ ក្រោយពីបានពន្យារពេលអស់ជាច្រើនខែរួចមក។
លើទីផ្សារអឺរ៉ុប រថយន្តនេះមានតម្លៃចាប់ពីប្រមាណ ៤៦ ៣០០ដុល្លារ សម្រាប់ប្រភេទ Comfort ហើយតម្លៃសម្រាប់ប្រភេទ Luxury គឺប្រមាណ ៥០ ៩០០ដុល្លារ ខណៈតម្លៃសម្រាប់ប្រភេទ Performance គឺប្រមាណ ៥៥ ៥៦០ដុល្លារ។
រថយន្តនេះមានចែកចេញជាបីប្រភេទដូចបានរៀបរាប់ខាងលើ ដែលវាមានបំពាក់ដោយអាគុយចំណុះ ៧០គីឡូវ៉ាត់ម៉ោងដូចគ្នា ដែលប្រភេទប្រើម៉ូទ័រភ្លោះអាចបើកបរបានចម្ងាយដល់ ៤០២គ.ម ហើយប្រភេទប្រើម៉ូទ័របី អាចបើកបរបានចម្ងាយ ៣៧០គ.ម។
ម៉ូទ័រភ្លោះអាចផលិតកម្លាំងបាន ១៧៧សេះ ដែលអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៧,៩វិនាទី ខណៈដែលម៉ូទ័របីអាចផលិតកម្លាំងបានសរុប ២៨៤សេះ ដែលអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៩វិនាទីប៉ុណ្ណោះ។
គួរដឹងដែរថាអាគុយរបស់រថយន្ត Marvel R Electric នេះអាចសាកពី ៥ ដល់ ៨០% ក្នុងពេល ៤៣នាទីប៉ុណ្ណោះ ហើយអាគុយរបស់វាក៏មានមុខងារដែលអាចផ្ដល់ថាមពលដល់គ្រឿងអេឡិចត្រូនិកនានាផងដែរ៕