ឡានអគ្គិសនី MG4 សាកម្ដងជិះបាន ៣៥០គ.ម តម្លៃ​ចាប់ពីជាង ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាល​ពី​ខែ​មុន រថយន្តអគ្គិសនី MG4 EV ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការសម្រាប់ទីផ្សារ​អឺរ៉ុប ហើយ​ពេលនេះ​ក្រុមហ៊ុន​បាន​ប្រកាស​អំពី​តម្លៃ​លក់​ដែល​មាន​ចាប់​ពី​ប្រមាណ ៣១ ៤០០ដុល្លារ។

MG4 EV មានចាប់ពីប្រភេទ Entry ឈ្មោះថា SE Standard Range ដែលប្រើប្រាស់​អាគុយ​ចំណុះ ៥១kWh អាច​ផ្ដល់​ចម្ងាយ​បើកបរ​បាន ៣៥១​គីឡូម៉ែត្រ។ ប្រភេទនេះមាន​ប្រើ​ម៉ូទ័រអគ្គិសនីមួយនៅ​ផ្នែក​ខាង​ក្រោយ អាចផ្ដល់​កម្លាំងបាន ១៦៨សេះ។

ពាណិជ្ជកម្ម

ចំពោះ​គ្រឿង​បរិក្ខារវិញ រថយន្តអគ្គិសនី Hatchback នេះ​មាន​ប្រើ​ភ្លើង​ប្រភេទ LED ជាមួយ​យ៉ាន់​ទំហំ ១៧អ៊ីញ, ផ្នែក​ខាង​ក្នុង​មាន​កុងទ័រ​ឌីជីថល​ទំហំ៧អ៊ីញ, អេក្រង់​កម្សាន្ត​ទំហំ ១០,២៥អ៊ីញ ដែល​មាន​មុខងារ Android Auto និង​មុខងារ Apple CarPlay ផងដែរ។

សម្រាប់​ប្រភេទមួយទៀតគឺ MG4 EV SE Long Range មាន​តម្លៃ​ចាប់​ពីប្រមាណ ៣៤ ៤០០​ដុល្លារ ដោយ​អាគុយ​ចំណុះ ៦៤kWh របស់វាអាចផ្ដល់ចម្ងាយបើកបរបានដល់ ៤៥២គីឡូម៉ែត្រ។ បន្ថែមពីលើការបើកបរបានឆ្ងាយហើយ វា​ក៏​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំងខ្លាំងដែល​ផលិត​កម្លាំងបាន ២០០សេះ។

បន្ទាប់មកគឺ MG4 EV Trophy មាន​តម្លៃចាប់ពីប្រមាណ ៣៨ ០០០ដុល្លារ មានអាគុយចំណុះ ៦៤kWh អាចផ្ដល់​ចម្ងាយ​បើកបរ​បាន ៤៣៥គីឡូម៉ែត្រ ប៉ុន្តែ​វាមានបំពាក់គ្រឿងបរិក្ខារប្រណីតជាង MG4 EV SE Long Range ត្បិតថា​ចម្ងាយ​បើកបរ​តិច​ជាង​ក្ដី៕

Sponsored