រថយន្តអគ្គិសនី Nissan Ariya បានបង្ហាញវត្តមានដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយរថយន្តនេះនៅមិនទាន់មានចេញលក់លើទីផ្សារនៅឡើយទេ ប៉ុន្តែការកុម្ម៉ង់រថយន្តនេះបានចាប់ផ្ដើមបើកទទួលហើយ។
ថ្មីៗនេះដែរ Nissan បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយរថយន្តអគ្គិសនីនេះដោយបាននាំយកវាទៅកាន់ទីលាន Circuit de Monaco ហើយនេះគឺជាលើកដំបូងហើយដែលគេបានឃើញរថយន្ត Ariya បង្ហាញខ្លួននៅទីសាធារណៈ។
រថយន្ត Ariya មានបំពាក់មកជាស្តង់ដារនូវអាគុយចំណុះ ៦៥គីឡូវ៉ាត់ម៉ោង ឬអាចជ្រើសយកអាគុយចំណុះ ៨៧គីឡូវ៉ាត់ម៉ោង ហើយអាគុយចំណុះតូចជាងគេរបស់រថយន្តនេះអាចគាំទ្រការបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រពេលសាកភ្លើងពេញម្ដង។
ការនាំយករថយន្ត Nissan Ariya ទៅកាន់ទីលាន Circuit de Monaco នេះគឺជាឪកាសមួយក្នុងការបង្ហាញសមត្ថភាពបើកបររបស់រថយន្ត រួមទាំងរូបរាងដ៏ទាក់ទាញរបស់វាផងដែរ។ បញ្ជាក់ថារថយន្ត Nissan Ariya នេះមិនមែនជារថយន្តអគ្គិសនីដំបូងរបស់ Nissan ឡើយ ដែលរថយន្តអគ្គិសនីដំបូងបំផុតនោះគឺរថយន្តម៉ូដែល Nissan Leaf ហើយរថយន្តនេះក៏ចេញបានចំនួន២ជំនាន់រួចមកហើយដែរ៕