ក្រុមហ៊ុន Porsche នាថ្ងៃនេះបានប្រកាសអំពីកំណើននៃចំនួនលក់សរុបចំនួន ១៣% នៅត្រីមាសទីបីពីទីផ្សារសកលលោក ហើយនៅក្នុងឆ្នាំ២០២១នេះក្រុមហ៊ុនអាចលលក់ចេញរថយន្តបានសរុបដល់ ២១៧ ១៩៨គ្រឿង។
កំណើននៃចំនួនលក់នាឆ្នាំ២០២១នេះ មិនមែនជាដំណឹងសំខាន់ជាងគេរបស់ក្រុមហ៊ុននោះទេ ព្រោះថាបើក្រឡេកមើលចំនួនលក់ គេនឹងឃើញថារថយន្តអគ្គិសនីរបស់ Porsche ម៉ូដែល Taycan អាចលក់បានច្រើនជាងរថយន្តលំដាប់កំពូលដទៃទៀតរបស់ក្រុមហ៊ុន។
ក្នុងនោះ Porsche អាចលក់រថយន្ត Taycan បានចំនួន ២៨ ៦៤០គ្រឿង នៅឆ្នាំ២០២១នេះគិតត្រឹមខែកញ្ញា ដែលនាំមុខរថយន្ត 911 ជាមួយចំនួនលក់ ២៧ ៩៧២គ្រឿង និងរថយន្ត Panamera ជាមួយចំនួនលក់ ២០ ២៧៥គ្រឿង។ បញ្ជាក់ដែរថាចំនួនលក់របស់ 911 មានកំណើន ១០% ខណៈដែលរថយន្ត Panamera មានកំណើន ១%។
យ៉ាងណាក្ដី រថយន្ត SUV នៅតែជារថយន្តលក់ដាច់ជាងគេរបស់ Porsche ដោយក្រុមហ៊ុនអាចលក់រថយន្ត Cayenne បានចំនួន ៦២ ៤៥១គ្រឿង និងរថយន្ត Macan ចំនួន ៦១ ៩៤៤គ្រឿង ខណៈដែលរថយន្ត 718 Boxster និងរថយន្ត 718 Cayman ស្ថិតនៅបាតតារាងជាមួយចំនួនលក់សរុប ១៥ ៩១៦គ្រឿង៕