ឡានអគ្គិសនី Porsche Taycan ផលិតបាន ១០ម៉ឺនគ្រឿងហើយ

[ទីផ្សារបរទេស] ក្រោយរយៈពេលជាងបីឆ្នាំនៃការចូលរោងចក្រផលិត នៅពេលនេះរថយន្តអគ្គិសនី Porsche Taycan ផលិតបាន១០ម៉ឺនគ្រឿងហើយ ដោយរថយន្តទី១០ម៉ឺនគឺជាម៉ូដែល Turbo S មានប្រើប្រាស់ពណ៌ Neptune Blue។

Porsche បានឲ្យដឹងថាសហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស និងអៀរឡង់ គឺជាប្រទេសដែលជាទីផ្សារធំសម្រាប់រថយន្ត Taycan។ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២នេះ ក្រុមហ៊ុនបានដឹកជញ្ជូនរថយន្ត Taycan បានចំនួន ២៥ ០៧៣គ្រឿង តិចជាងមុន ១២%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អមជាមួយដំណឹងនៃសមិទ្ធផលថ្មីនេះ ក៏មានការចែករំលែកពីការប្រើប្រាស់រថយន្ត Taycan ក្នុងរយៈចម្ងាយឆ្ងាយ ដូចជាសហគ្រិនឈ្មោះ Jean-Hubert Revolon បានទិញរថយន្ត Taycan 4S កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២០ និងបានបើកបរបានចម្ងាយ ១៨៨ ១៩៩គ.ម ដោយលោកតែបើកបរជាមធ្យម ១២០០គ.ម ក្នុងមួយថ្ងៃ ឆ្លងកាត់ប្រទេសនៅអឺរ៉ុប។

ចំណែកប្រធានផ្នែកផែនការរបស់ Porsche លោក Markus Kreutel បានបើកបររថយន្ត Taycan របស់ក្រុមហ៊ុនបានចម្ងាយ ១៣៤ ៩១១គ.ម ដោយគិតចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ២០២២។ ការប្រើប្រាស់ជាប្រចាំថ្ងៃក្នុងចម្ងាយដល់ ១៥០០គ.ម មិនមែនជាបញ្ហាសម្រាប់ Taycan នេះឡើយ សម្រាប់ការងារដែលទាមទារឲ្យធ្វើដំណើរច្រើនក្នុងមួយថ្ងៃៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម