Porsche បានបញ្ជាក់ថា រថយន្តថ្មីម៉ូដែល Taycan Cross Turismo នឹងមាននៅក្នុង Showroom នាចុងឆ្នាំ ២០២០ ខាងមុខនេះ។
កាលពីពេលកន្លងទៅ Porsche Taycan Cross Turismo ធ្លាប់ត្រូវបានដាក់តាំងបង្ហាញជាម៉ូដែល Mission E Cross Turismo Concept។ ប្រសិនបើ Taycan Cross Turismo នៅតែរក្សារូបរាងដូច Concept ដែលបានបង្ហាញ នោះវានឹងក្លាយជារថយន្ត Cross-Utility Vehicle ឬ CUV ដែលស្រដៀងទៅនឹងរថយន្ត Mercedes-Benz E-Class All-Terrain និង Audi A6 Allroad ដែរ។
Porsche នឹងមិនអាចជៀសរួចឡើយក្នុងការបំពាក់ Taycan Cross Turismo ជាមួយម៉ាស៊ីនដូចទៅនឹងម៉ូដែល Taycan Sedan។ វាបញ្ជាក់ឲ្យឃើញថា រថយន្ត CUV ថ្មីនេះ នឹងប្រើម៉ូទ័រអគ្គិសនី ដែលអាចបង្កើតកម្លាំងរហូតដល់ទៅ ៦០០ សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥ វិនាទីប៉ុណ្ណោះ។
ខណៈដែល Taycan និង Taycan Cross Turismo សន្យាចំពោះដំណើរការម៉ាស៊ីនដ៏អស្ចារ្យ វាក៏បំពាក់ប្រព័ន្ធអគ្គិសនីកម្លាំង ៨០០ វ៉ុល ដែលអនុញ្ញាតឲ្យវាសាកភ្លើងល្បឿនលឿនទៀតផង។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Porsche លោក Oliver Blume បានបង្ហើបកាលពីថ្មីៗនេះថា ប្រសិនបើដោតសាកភ្លើង Taycan ជាមួយនឹងកម្លាំង ៨០០ វ៉ុល នោះវាប្រើពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ដើម្បីសាកបានចម្ងាយ ៤០០ គីឡូម៉ែត្រ៕