ឡានអង់គ្លេសរាងបុរាណ ប្រើម៉ាស៊ីនដូច Rolls-Royce តែតម្លៃកប់ក្តោង!

ក្រុមហ៊ុន​រថយន្ត​ទើប​តែ​បង្កើត​ថ្មី​មួយ មាន​ឈ្មោះ​ថា Eadon Green បាន​ដាក់​បង្ហាញ​រថយន្ត​របស់​ខ្លួន​ម៉ូដែល Black Cuillin ដែលប្រើម៉ាស៊ីន​ចំណុះ ៦,០ លីត្រ ទំហំ ១២ ស៊ីឡាំង ដូច​ទៅ​នឹង​រថយន្ត Rolls-Royce ដែរ។

Black Cuillin មាន​រូបរាង​បែប​បុរាណ គួបផ្សំ​ជាមួយ​នឹង​ផ្នែក​ខាង​ក្នុង​មាន​លក្ខណៈ​ពិសេស​បែប​ទាន់​សម័យ។ ការ​រចនា​នេះ ត្រូវ​បាន​បំផុស​គំនិត​ដោយ​ការ​រចនា​នៃ​រថយន្ត Alfa Romeo 8C 2900 តាំង​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៣០ មក​ម្ល៉េះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ស្ព័រ​កម្លាំង ៤៦០ សេះ​នេះ មាន​ល្បឿន​អតិបរិមា​ដល់​ទៅ ២៧៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ Black Cuillan ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ជួរ​ភ្នំ នៅ​លើ​កោះ Isle of Skye ដែល​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ស្កុតឡេន។

លោក Felix Eaton ជា​ស្ថាបនិក និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន Eadon Green បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​មាន​គម្រោង​ផលិត​រថយន្ត​នេះ​ច្រើន​នោះ​ទេ ដោយ​អាស្រ័យ​លើ​តម្រូវការ​ប៉ុណ្ណោះ។

ប្រសិន​បើ​តម្រូវ​ការ​កើន​ឡើង​ដល់​ចំនួន​អតិបរមា ២៥ គ្រឿង នោះ​វា​នឹង​មាន​តម្លៃ​ប្រហែល ៧៦៩ ០០០ ដុល្លារ​ក្នុង​មួយ​គ្រឿង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លក់​ដាច់​តែ ៥ គ្រឿង នោះ​វា​អាច​នឹង​មាន​តម្លៃ​រហូត​ដល់​ទៅ ១ ៣៩៩ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម