ឡាន​ភីកអាប់​អគ្គិសនី​​តម្លៃ​ជិត ២ ម៉ឺន​ដុល្លារ ជិះ​បាន​ ៤០៣ គីឡូម៉ែត្រ

​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​រថយន្ត​ភីកអាប់​អគ្គិសនី ក្រោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ Rivian បាន​បង្ហាញ​ចេញ​រថយន្ត​ប្រភេទ​នេះ​ជា​សាធារណៈ។ នៅ​ប្រទេស​ចិន​ឯណោះ​វិញ​ក៏​មាន​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ​ដែរ ដោយ​សុទ្ធ​សឹង​មាន​តម្លៃ​ធូរ។

​​​​ចុង​ក្រោយ​បង្អស់​នេះ​គឺ​ជា​រថយន្ត​ភីកអាប់​​របស់​ក្រុមហ៊ុន​រថយន្ត​ Dongfeng ម៉ូដែល​ Rich 6 EV ដែល​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត​ Dong Rich 6 ប្រភេទ​ម៉ាស៊ីន​សាំង។ Rich 6 EV ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ដែល​មាន​កម្លាំង ១៦០ សេះ អាគុយ​មាន​ថាមពល ៦៨ គីឡូវ៉ាត់​ម៉ោង។

ពាណិជ្ជកម្ម

រថយន្ត​នេះ​អាច​បើកបរ​នៅ​ល្បឿន​អតិបរមា​ ១១០ គ.ម/ម៉ និង​បើកបរ​បាន​ចម្ងាយ​ ៤០៣ គីឡូម៉ែត្រ​ ពេល​សាក​​ពេញ ហើយ​​ចំណាយ​ពេល​ត្រឹម​តែ​​ ៤៥ នាទី អាច​សាក​ថ្ម​បាន ៨០%។ Rich 6 EV ជា​ភីកអាប់​ទំហំ​ធំ មាន​វិមាត្រ ៥២៩០ x ១៨៥០ x ១៧៩០ ម.ម មាន​ទម្ងន់​ ១៩៨៣ គីឡូក្រាម និង​មាន​កៅអី​អង្គុយ​ចំនួន ៥។

Rich 6 EV នឹង​ចេញ​លក់​លើ​ទីផ្សារ​ចិន​នៅ​ចុង​ខែ​នេះ ដោយ​រំពឹង​ថា​មាន​តម្លៃ​ប្រមាណ ១៣០ ០០០ យ័ន ឬ ស្មើ​ប្រមាណ ១៨ ៩០០ ដុល្លារ៕

Sponsored