[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានបង្ហាញចេញរថយន្តផលិតតែមួយគ្រឿងក្នុងលោកម៉ូដែល Chiron Profilée ដែលដើមឡើយវាគ្រោងផលិតច្រើនគ្រឿង ប៉ុន្តែដោយការផលិតទាំង៥០០គ្រឿងរបស់រថយន្ត Chiron បានពេញអស់នោះ ទើបធ្វើឲ្យរថយន្តនេះក្លាយជារថយន្តដែលមានតែមួយក្នុងលោក។
ការផលិតរថយន្ត Chiron Profilée បានចាប់ផ្ដើមកាលពីអំឡុងឆ្នាំ២០២០ ក្រោយពី Bugatti ទទួលបានការកុម្ម៉ង់ពីអតិថិជនដែលចង់បានរថយន្តខុសប្លែកពីរថយន្ត Chiron Pur Sport។
Bugatti បានលាបពណ៌រថយន្តដែលមានតែមួយក្នុងលោកនេះជាមួយពណ៌ផ្ដាច់មុខ Argent Atlantique អមជាមួយពណ៌ Bleu Royal Carbon ដែលមើលទៅទាក់ទាញមែនទែន។ ចំណែកកង់នៃរថយន្ត Profilée នេះមិនដូចជាកង់រថយន្ត Chiron ដទៃឡើយ គឺមានលាបពណ៌ឈ្មោះ Le Patron។
រថយន្តនេះដែរមានបំពាក់ម៉ាស៊ីន W16 ចំណុះ ៨,០លីត្រ ប្រភេទ Quad-Turbo ដែលអាចផលិតកម្លាំងបាន ១៤៧៩សេះ តិចជាងរថយន្ត Centodieci និងរថយន្ត Super Sport 300+ ដែលមានម៉ាស៊ីនដូចគ្នាតែអាចផលិតកម្លាំងបាន ១៥៧៨សេះ។
Chiron Profilée នេះនឹងត្រូវដាក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃ RM Sotheby ដែលធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ហើយ Bugatti និយាយថាទឹកប្រាក់ដែលបានពីការដេញថ្លៃនឹងត្រូវយកទៅផ្គត់ផ្គង់ដល់សកម្មភាពមនុស្សធម៌៕