[ទីផ្សារបរទេស] កម្រិតស៊ីប្រេងនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២៣ ត្រូវបានបង្ហាញចេញជាផ្លូវការមុនការដាក់លក់នៅទីផ្សារអូស្ត្រាលីក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតនេះ។
វិបសាយ Green Vehicle Guide របស់រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញថាម៉ាស៊ីន V6 ថ្មីដែលប្រើលើ Ranger Raptor ឆ្នាំ២០២៣ មានកម្រិតស៊ីប្រេងឥន្ធនៈ ១១,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ដែលកើនឡើងបើធៀបនឹងស៊េរីមុន។
កម្រិតស៊ីប្រេងរបស់ Ranger Raptor ស៊េរីមុនគឺមាន ៨,២លីត្រ ក្នុង១០០គីឡូម៉ែត្រ ដោយវាប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ២,០លីត្រ និងមានម៉ាស៊ីន៤ស៊ីឡាំង ជាប្រភេទម៉ាស៊ីនម៉ាស៊ូត។
ដោយមានធុងប្រេងចំណុះ ៨០លីត្រ រថយន្ត Ranger Raptor ជំនាន់ថ្មីនឹងអាចបើកបរបានចម្ងាយប្រមាណ ៦៩៥គីឡូម៉ែត្រ ពេលចាក់ប្រេងពេញ។ តួលេខនេះបើធៀបនឹង Ford Ranger Wildtrak V6 មានចម្ងាយបើកបរ ៩៥២គីឡូម៉ែត្រ ខណៈដែល Ranger Raptor ស៊េរីមុន មានចម្ងាយបើកបរ ៩៧៦គីឡូម៉ែត្រ។
ក្រៅពីកម្រិតស៊ីប្រេងដែលគិតជាមធ្យមហើយនោះ ស្ថាប័ន Green Vehicle Guide អះអាងថាការបើកបរលើផ្លូវហាយវ៉េរបស់រថយន្ត Ranger Raptor ថ្មីគឺមានកម្រិតស៊ីប្រេង ១០លីត្រក្នុង១០០គ.ម ខណៈដែលក្នុងក្រុងមានកម្រិតស៊ីប្រេង ១៤លីត្រក្នុង១០០គ.ម៕