ឡាន Hyundai Ioniq 5 ទំនងលក់តម្លៃជាង ៨ម៉ឺនដុល្លារ នៅវៀតណាម

[ទីផ្សារបរទេស] កាលពីខែមេសាកន្លងទៅ រថយន្ត Hyundai Ioniq 5 បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារ​ប្រទេស​វៀតណាម ប៉ុន្តែពេលនោះមិនទាន់មានការបញ្ជាក់ពីការលក់រថយន្តនេះនៅឡើយទេ ដោយហេតុថាកំពុងស្ថិតក្នុង​ដំណាក់​កាល​សិក្សា​ទីផ្សារ។

ដោយឡែក នាពេលនេះចាប់ផ្ដើមមានហាងចែកចាយរថយន្ត Hyundai បាន​បើក​លក់​រថយន្ត​អគ្គិសនី​នេះ​ជាផ្លូវការ​ជាមួយ​តម្លៃ​ជិត ២ពាន់​លាន​ដុង (ប្រមាណ ៨៥ ៤០០ដុល្លារ) ដោយមានផ្ដល់​ជូន​ការ​បើកបរ​សាកល្បង​ជូន​ដល់​អតិថិជន ហើយ​ថែម​ទាំង​អាច​ទិញ​ជិះ​បាន​ភ្លាមៗប្រសិនបើ​អតិថិជនចាប់ចិត្ត។ ផ្អែកតាមទីប្រឹក្សាផ្នែកលក់បានឲ្យដឹងថា Hyundai Ioniq 5 នេះ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ មិនទាន់មានច្រើននៅឡើយទេ។

ពាណិជ្ជកម្ម

Ioniq 5 គឺជារថយន្តអគ្គិសនីដ៏លេចធ្លោមួយនាពេលបច្ចុប្បន្ន ដោយប្រភេទដែលលក់​នៅ​វៀតណាម មានប្រើប្រាស់​អាគុយ​ចំណុះ ៧២,៦kWh មានម៉ូទ័រអគ្គិសនីដែល​អាចផលិតកម្លាំងបាន ២១៤សេះ និង​មាន​ចម្ងាយ​បើកបររហូតដល់ ៤៥០គីឡូម៉ែត្រ។ រថយន្ត​នេះ​ដែរ ប្រើប្រាស់​ដុំសាកល្បឿនលឿនដែលអាចសាកភ្លើង​ឡើងពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី។

តាំងពីប្រកាសចេញមក រថយន្តអគ្គិសនីរបស់កូរ៉េមួយនេះ បានឈ្នះពានរង្វាន់​ជាច្រើនរួមមាន​ពាន​រង្វាន់​រថយន្តប្រចាំ​ឆ្នាំ​២០២២ នៅ​ក្នុង​ប្រទេស​អង់គ្លេស និងអាល្លឺម៉ង់ និងថ្មីៗនេះបានឈ្នះពានរង្វាន់រថយន្តពិភពលោកប្រចាំឆ្នាំ២០២២ថែមទៀតផង៕

Sponsored