[ទីផ្សារបរទេស] រថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយគេបំផុត ត្បិតថានៅមិនទាន់ផលិតហើយក៏ពិតមែន ប៉ុន្តែវាអាចលក់បានថ្លៃក្នុងតម្លៃរហូតដល់ ១ ៦០៣ ១២៥ដុល្លារ ឯណោះ។
តម្លៃដ៏មហាសាលនេះដែរ មិនមែនមានផ្ដល់ជូនតែរថយន្តតែមួយមុខនោះទេ ដោយក្នុងនោះក៏មានផ្ដល់ជូនជា NFT នៃរថយន្តជូនដល់ម្ចាស់រថយន្ត ហើយម្ចាស់រថយន្តថែមទាំងទទួលបានឈ្មោះជាអតិថិជន VIP ដែលមានន័យថាអាចមើលឃើញជាមុននូវរថយន្ត Lamborghini ថ្មីៗដែលគ្រោងចេញលក់លើទីផ្សារ។
បន្ថែមពីនេះ ម្ចាស់រថយន្តក៏ទទួលបានសិទ្ធិក្នុងការដើរមើលសារមន្ទីរ Lamborghini និងអាចបានជួបមុខវិចិត្រករឌីជីថល Krista Kim និងសិល្បករតន្ត្រី Steve Aokia តាមរយៈអនឡាញផងដែរ។
ងាកមករថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយនេះវិញ វានឹងត្រូវផលិតឡើងនៅក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងបានទៅដល់ដៃម្ចាស់រថយន្តនៅត្រឹមខែកញ្ញាខាងមុខ៕